ភ្នំពេញ÷ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន បន្តខិតខំស្វែងរកមេពាក្យសំខាន់ៗ ដែលទាក់ទងវិស័យព័ត៌មាន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារគណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន ចូលជួបសម្ដែងការគួរសម ដែលដឹកនាំដោយឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការក្រសួងព័ត៌មាន ដើម្បីបានគោរពជម្រាបជូនពីវឌ្ឍនភាពការងារដែលគណៈកម្មការសម្រេចបានក្នុងពេលកន្លងមក នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម ហោ សុភាព បានជម្រាបជូនថា បន្ទាប់ពីក្រុមការងារគណៈកម្មការសទ្ទានុក្រមក្រសួងព័ត៌មាន បង្កើតឡើងសម្រាប់អណិត្តទី២នេះ តែងបានជួប ប្រជុំពិភាក្សាការងារគ្នាជារៀងរាល់ថ្ងៃអង្គារ ដោយសម្រេចជ្រើសរើសមេពាក្យ បានប្រមាណជិត ៣០០ ពាក្យ។
ឯកឧត្ដមបានបន្ដថា មេ ពាក្យ ដែលគណៈកម្មការបានជ្រើសគឺមានការពាក់ពន្ធ័ ផ្នែក ទូរទស្សន៍ជាតិ វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលមានភាសាអង់គ្លេស បារាំង និងខ្មែរ ហើយពន្យល់និយមន័យជាភាសាខ្មែរ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារល្អ របស់ គណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ហោ សុភាព បានប្រឹងប្រែងក្នុងរយៈពេលជាច្រើនខែមកនេះ ទទួលបាន មេពាក្យ ជាច្រើនរហូតដល់ជិត ៣០០ មេពាក្យ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានផ្តល់ជូនដល់គណៈកម្មការសទ្ទានុក្រម ក្រសួងព័ត៌មាន កំព្យូរទ័រ ១ គ្រឿង សម្រាប់ទុកប្រើប្រាស់ និងរក្សាទុកឯកសារ រួមទាំងថវិកា ២ លានរៀល ផងដែរ៕