ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញជួយកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយគ្នានោះក៏ស្នើឲ្យមានការអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេសកម្លាំងនគរបាលចរាចរណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ បើទោះបីជាមានការហត់នឿយ ប៉ុន្តែត្រូវបង្កើនការអត់ធ្មត់ថែមទៀត ទាំងឥរិយាបថបំពេញការងារ ការផាកពិន័យនិងការអប់រំណែនាំប្រជាពលរដ្ឋ។
ការស្នេីនេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅ អគ្គស្នងការដ្ឋានននគរបាលជាតិ និងមានការចូលរួមពី អគ្គស្នងការរងនគរបាលជាតិ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបន្តថា ក្រៅពីនេះ ចំពោះការពង្រឹង ការលើកកម្ពស់ ការងារដឹកនាំ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានស្នើឲ្យគ្រប់នាយកដ្ឋាន-អង្គភាពជំនាញ ស្នងការនគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងយន្តការដឹកនាំនៅក្នុងអង្គភាពនីមួយៗទាំងរបៀបរបបការងារ ទាំងការគ្រប់គ្រងកងកម្លាំង ទាំងការងារប្រចាំបញ្ជា ជាពិសេសការយកបេះដូងនិងមនោសញ្ចេតនា ក្នុងការដឹកនាំបងប្អូនក្នុងអង្គភាព។ ទន្ទឹមនោះ ក៏ត្រូវមានការលើកទឹកចិត្ត និងការចុះសាកសួរសុខទុក្ខបងប្អូនកងកម្លាំងនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ ។