កំពង់ស្ពឺ ៖ ព្រឹកថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខត្ដ អគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តនៅសាលប្រជុំសណ្ឋាគារផាមរីវេី និងមានការចូលរួមពី ស្នងការរង នគរបាលខេត្ដ ការិយាល័យជំនាញ អធិការដ្ឋាននគរបាលទាំង៨ ប៉ុស្តិ៍រដ្ឋបាល៨៧ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មានមតិក្រោយកិច្ចប្រជុំ លោកវរសេនីយ៍ឯក សេង សុជាតិ ស្នងការទទួលបន្ទុកសេនាធិការ បានគូសបញ្ជាក់ថា ៖ កិច្ចប្រជុំផ្តោត ទៅលើការវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការសម្រាប់ត្រីមាសទី១ ដែលសភាពការណ៍មានលក្ខណៈល្អប្រសើរ បើទោះបីជាមានបញ្ហាខ្លះៗពាក់ព័ន្ធនិងការបង្កចលាចលក្នុងសង្គម ការបំពុលព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែរាល់បញ្ហាទាំងអស់ត្រូវបានដោះស្រាយ។ ទន្ទឹមនឹងនោះអាជ្ញាធរក៏បានចាត់វិធានការពង្រឹងបន្ថែមតាមវិធានការសន្តិសុខជារួម និងតាមជំនាញ ជាពិសេស ជម្រុញវិធានការកាត់បន្ថយបទល្មើសជាទូទៅ ដើម្បីធានាឲ្យបាននូវបរិយាកាសក្នុងខេត្ដបានល្អប្រសេីរ។
លោកស្នងការ នៅក្នុងកិច្ចប្រជុំបានផ្តាំផ្ញើនូវចំណុចមួយចំនួនដែលរួមមាន ៖
ទី១-ការពារឲ្យបានដាច់ខាតនូវព្រឹត្តិការណ៍នយោបាយ ព្រឹត្តិការណ៍បុណ្យជាតិ-ជាពិសេសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការការពារផ្សេងៗ។
ទី២-ការពារឲ្យបានដាច់ខាចនូវស្ថានប័នរដ្ឋ, ការពារគោលដៅអ្នកនយោបាយ និងទីស្នាក់ការវប្បធម៌។
ទី៣-ការពារព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់ជាតិ។
ទី៤-ពង្រឹងវិធានការដើម្បីទប់ស្កាត់ការបំពុល ការបង្កចលាចលក្នុងសង្គម ដែលកើតមានឡើងធ្វើឲ្យរំខានដល់សន្តិសុខជាតិ។ ទន្ទឹមនោះ ត្រូវកាត់បន្ថយបទល្មើសទូទៅ ដើម្បីធានាដល់ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ ជាពិសេសសម្រាប់ឆ្នាំ២០២២នេះ គ្រប់ការិ.ជំនាញ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ត្រូវកសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីធានាឲ្យបាននូវព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវចាត់កម្លាំងការពារនៅតាមគោលដៅឲ្យបានច្បាស់លាស់នៅតាមទីតាំងវត្តអារាម រមណីយដ្ឋានកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ការដោះស្រាយសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងការការពារសហគមផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើតផងដែរ។
ក្រៅពីនេះ ក៏បានជំរុញជួយកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយគ្នានោះក៏ស្នើឲ្យមានការអប់រំកែប្រែឥរិយាបថរបស់កងកម្លាំង ពិសេសកម្លាំងនគរបាលចរាចរណ៍ ដែលធ្វើប្រតិបត្តិការតាមដងផ្លូវ បើទោះបីជាមានការហត់នឿយ ប៉ុន្តែត្រូវបង្កើនការអត់ធ្មត់ថែមទៀត ទាំងឥរិយាបថបំពេញការងារ ការផាកពិន័យនិងការអប់រំណែនាំប្រជាពលរដ្ឋ។ ក្រៅពីនេះ ចំពោះការពង្រឹង ការលើកកម្ពស់ ការងារដឹកនាំរបស់លោកស្នងការរង ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍រដ្ឋបាល ត្រូវពង្រឹងយន្តការដឹកនាំនៅក្នុងអង្គភាពនីមួយៗទាំងរបៀបរបបការងារ ទាំងការគ្រប់គ្រងកងកម្លាំង ទាំងការងារប្រចាំបញ្ជា៕