ខេត្តកំពត ៖ តើពិតដូចជាការលើកឡើងពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតដែទេ? ពួកគាត់បានប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា មានទីតាំងសង្វៀនជល់មាន់និងអាប៉ោងដុះស្លែរដ៏ធំមួយកន្លែងដែលមានម្ចាស់សៃវែន ឈ្មោះ នី កំពុងបើកដំណើរការលេងយ៉ាងរលូន ដើម្បីបង្អួតភ្នែកភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរឆ្លងកាត់មកលេងកំសាន្ត នៅទីក្រុងបូកគោ គ្មានឃើញសមត្ថកិច្ចឬអាជ្ញាធរណា ចុះណែនាំឬបង្ក្រាបនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងទៀតថា៖ ទីតាំងនេះគេបើកលេងជាយូរណាស់មកហើយ ឈ្មោះ នី ជាម្ចាស់សង្វៀន បានរត់ការគ្រប់ច្រកល្ហក់ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ពន្ធ័ ជួយរក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរី ចំពោះ អាជ្ញាធរមានសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថា៖ ចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករ ពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។
ពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងខាងលើ អស់ហើយទេដឹង ឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យបុគ្គលឈ្មោះ នី (ម្ចាស់សង្វៀន) បានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀរ អាប៉ោង ទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រេងទៅវិញ។ ព្រោះថាល្បែងស៊ីសងគ្រប់ប្រភេទនេះហើយ បង្កឲ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ជាហេតុនាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងមូលដ្ឋានជាដើម។
ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ដែលមានម្ចាស់សៃវែនឈ្មោះលោក នី នេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺណាមួយពី លោកព្រាប សាមិត្ត អធិការក្រុងបូកគោ បានទេ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះដោយមិនមានលេខទូរសព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។
ទោះជាយ៉ាងនេះក្ដី បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខាងលើនេះផងទាន។
ហើយបងប្អូនប្រពលរដ្ឋ មានសង្ឃឹមនឹងជឿជាក់លើលោក ឧត្តមសេនីយ៍ទោ ស្នងការខេត្ដកំពតនិង ឯកឧត្តម អភិបាលខេត្តកំពត នឹងមានចំណាត់ការចំពោះករណី ល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ផង សូមអរគុណ៕