ខេត្តកំពង់ស្ពឺ៖ នាព្រឹកថៃ្ងច័ន្ទ ២កេីត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា គ.ស ២០២២ នៅរដ្ឋបាលសាលាស្រុកភ្នំស្រួច មានពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចនិងប្រកាសតែងតាំងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល ដែលបង្កេីតថ្មី បំបែកចេញពីឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ពិធីប្រកាសស្ថិតក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច អញ្ជើញចូលរួមជាអធិបតីពីអស់លោក លោកស្រី ស្នងការរង នគរបាលខេត្តកំពង់ស្ពឺ ទទួលទិសអធិការដ្ឋានស្រុកភ្នំស្រួច លោកអភិបាលរងស្រុកភ្នំស្រួច លោកអធិការ-លោកអធិការរង លោក លោកស្រីមេឃុំ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១៣ ឃុំ ។បញ្ជាក់ យោងតាមប្រកាសក្រសួងមហាផ្ទៃ ខេត្ដកំពង់ស្ពឺមាន ៨៨ឃុំ សង្កាត់ នៅទូទាំងខេត្ដ ។
បន្ទាប់ពីអានរបាយការណ៍ស្វាគមន៍ដោយលោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច រួចមកលោកវរសេនីយ៍ទោ រ័ត្ន ថាវី នាយរងការិយាល័យបុគ្គលិក អានសេចក្ដីប្រកាសតែងតាំងលោកអនុសេនីយ៍ឯក គឹម វាសនា ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល លោកអនុសេនីយ៍ឯក តូច វុទ្ធី នាយរងប៉ុស្តិ៍ លោកអនុសេនីយ៍ឯក សឿន កន នាយរងប៉ុស្តិ៍។
ក្នុងពិធីប្រកាសលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត បានឧបត្ថម្ភនូវថវិកាចំនួន១,០០០,០០០រៀល សុីម៉ង់ចំនួន ១០តោន អាវចាំងពន្លឺចំនួន ៥ រីឯលោកស្នងការរង អៀង អុល សុីម៉ង់៥តោន លោកស្នងការរង តាប់ លន ខ្សាច់ ១៥ម៉ែត្រគូប លោកអធិការរង ចំណុះអធិការដ្ឋាន សុីម៉ង់សរុប ៧,៥តោន ដេីម្បីកសាងជាទីស្នាក់ការ ប៉ុស្តិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល សម្រាប់បម្រើការងារប្រចាំថៃ្ង និងជាការផ្ដល់សេវានានាជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសេីរ៕