ខេត្តកំពង់ស្ពឺ÷ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការឃោសនារកសំឡេងឆ្នោតអាណត្តិទី៥ ក្រុមប្រឹក្សាឃុំសង្កាត់ ឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកជំទាវ ទឹម សាវ៉ាត ប្រធានក្រុមការងារឃុំភ្នំតូច និងលោកជំទាវ លោក លោកស្រីអនុប្រធាន បានដឹកនាំក្រុមការងារឃុំភ្នំតូច ក្នុងក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានសម្ដែងការអរគុណចំពោះក្រុមការងារយុវជនគណបក្ស ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្សថ្ងៃនេះ ជាមួយនឹងសមាជិកដ៏ច្រើននៅក្នុងឃុំភ្នំតូច ស្រុកឧដុង្គ គឺទាមទារចាំបាច់ឱ្យមានការដឹកនាំនៅក្រោមគណៈបញ្ជាការឯកភាពនៃគណៈកម្មាធិការបក្សស្រុក និងខេត្ត ដោយមានឋានានុក្រមច្បាស់លាស់ ដើម្បីសម្រួលដល់ការប្រមូលផ្តុំក្នុងរូបភាពជាកម្លាំងសរុប និងធ្វើសកម្មភាពឱ្យមានលក្ខណៈស៊ីសង្វាក់ និងធានាបាននូវប្រសិទ្ធភាពខ្ពស់។
ពិតណាស់ ការផ្តល់ឱកាសដល់ការចូលរួមរបស់កម្លាំងយុវជន ត្រូវបានថ្នាក់ដឹកនាំ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ចាត់ទុកជាការងារស្នូលចាប់តាំងពីពេលដែលគណបក្សត្រូវបានបង្កើតឡើង និងធ្វើសកម្មភាព។
នៅក្នុងដំណើរជីវិតរបស់គណបក្សយើង គឺមានទាំងសមាសធាតុចាស់ និងថ្មីនៅលាយឡំគ្នា។ អ្វីដែលចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលប្រកាន់យកតាំងពីការបង្កើតក្នុងឆ្នាំ១៩៥១ មក ហើយក៏នឹងបន្តជានិច្ចនិរន្តន៍តទៅមុខទៀត។
ចំពោះអ្វីដែលថ្មីរហូត គឺដំណើរការកែទម្រង់ និងកែលម្អប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និងជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការបើកលំហរសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាពលរដ្ឋ ក្រោមបរិយាកាស នៃសុខសន្តិភាព ស្ថិរភាព និងក្នុងក្របខ័ណ្ឌ នៃសង្គមប្រជាធិបតេយ្យផ្អែកលើគោលការណ៍នីតិរដ្ឋ៕