ខេត្តពោធិ៍សាត់÷ ប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិនិងព្រៃឈើ ក្នុងខេត្តពោធិ៍សាត់បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ដែរនៅសេសសល់តាមតំបន់នានាក្នុងខេត្ត ខណៈសកម្មភាពកាប់អាជ្រៀកឈើ ដឹកលក់យ៉ាងអាណាធិបតេយ្យ មានការក៏ក្រើកឡើងវិញ ។
ជាក់ស្ដែងនៅយប់ថ្ងៃទី 15 ខែមិថុនា ឆ្នាំ2022 កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ យ៉ន ប៊ុនធឿន និងក្រុមអ្នកសារព័ត៌មានយើងបានចុះធ្វើការបង្រ្កាបរថយន្តកែច្នៃចំនួន ៣ គ្រឿង រហូតដល់ម៉ោង 12 និង 12 នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2022 ដោយមានកម្លាំងតិចបង្រ្កាបបានតែ១គ្រឿង ផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗ គឺស្មើនឹងប្រមាណ១០ម៉ែត្រគូប នៅចំណុចប្រោស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមប្រភពបានអោយដឹងថា រថយន្តកែច្នៃដឹកជញ្ជូនឈើ ដែលកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានខាងលើនេះ ជារបស់ឈ្មួញឈើល្បីឈ្មោះម្នាក់ក្នុងខេត្តពោធិ៍សាត់ឈ្មោះ កោះសំភី ឬ ហ៊ុំ ហយ (ហៅតាហយ)។
ប្រជាពលរដ្ឋថា ការបង្ក្រាបពីកម្លាំងអាវុធហត្ថនេះ ដូចវាយបំបែកឆ្នាំងបាយលោក សុខ ប្រសិទ្ធ និងលោក ប៉ុល ចាន់ថា មេព្រៃឈើតុំ និង ក្រគរ រួមទាំងលោក សេន ឆៃលី មន្ត្រីបរិស្ថាន មានតួនាទីជាប្រធានស្នាក់ការរង (អំពិល)អញ្ចឹងតើអ្នកណា ជាអ្នកទទួលខុសត្រូវរឿងនេះ។
ប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមកធ្វើអោយមេឈ្មួញដុះស្លែរូបនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ដែរការពារដោយព្រះរាជក្រឹត្យជួរភ្នំឱរ៉ាល់ក្នុងស្រុកក្រគរ ស្រុកភ្នំក្រវាញ និង ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការសម្ដែងការព្រួយបារម្ភខាងលើនេះ ខណៈសកម្មភាព អាជីវកម្មព្រៃឈើ របស់ឈ្មួញឈើដ៏ល្បីប្រចាំតំបន់ឈ្មោះ កោះ សំភី ឬ ហ៊ុន ហយ (ហៅតា ហយ) មានទីលំនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកំពុងបន្តសកម្មភាពឡើងវិញ កាប់ នឹង អាឈើ ដឹកតាមរថយន្តកែច្នៃរបស់ខ្លួន ចូលមកតំបន់ក្នុងឃុំឈើតុំ និងលក់ចែកចាយ ដោយរលូនគ្មានសមត្ថកិច្ចពាក់ព័ន្ធណាក្នុងខេត្តជាពិសេសលោក សុខ ប្រសិទ្ធ និង លោក ប៉ុល ចាន់ថា មេព្រៃឈើតុំ និង ក្រគរ រួមទាំងលោក សេន ឆៃលី មន្ត្រីបរិស្ថាន មានតួនាទីជាប្រធានស្នាក់ការរង (អំពិល) មិនធ្វើការអាពើឬមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។
ប្រជាពលរដ្ឋបានបន្តទៀតថា គេតែងតែប្រទះឃើញមានរថយន្តកែច្នៃដឹកឈើប្រណិត ឈើប្រភេទរាជថ្កុល ឈើគគីរ និងឈើអារ រាប់សិបម៉ែត្រគូបរបស់លោក ហ៊ុំ ហយ ដឹកជញ្ជូនយ៉ាងរលូន ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ ឬ បង្ក្រាបឡើយ ខណៈប្រភពបន្តថា ម្ចាស់ឈើឈ្មោះ កោះ សំភី ឬ ហ៊ុំ ហយ (ហៅតា ហយ) ដែលជាឈ្មួញឈើដ៏ធំ ប្រចាំតំបន់ នឹង មិនខ្លាចការបង្ក្រាបពីសំណាក់សមត្ថកិច្ចនោះ។
ការបង្ក្រាបសកម្មភាពរថយន្តកែច្នៃដឹកឈើខាងលើនេះ ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើសំដែងនូវការគាំទ្រ នឹង សាទរចំពោះចំណាត់ការនិងការខិតខំរបស់កម្លាំងកងរាជអាវុធហត្ថដែលបានសហការនិងបង្ក្រាបរថយន្តកែច្នៃដឹកឈើខាងលើនេះ ។
ប្រជាពលរដ្ឋបានសំណូមពរនិងស្នើសុំដល់ឯកឧត្ដម ជា តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ គួរចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ នឹង បង្រ្កាបសកម្មភាពកាប់បំផ្លាញធនធានព្រៃឈើក្នុងខេត្តពោធិ៍សាត់ ខណ: ប្រភពបានអះអាងថា អ្នកដែលប្រព្រឹត្តនោះ នៅតែជាមនុស្សដ៏ដែលៗ ហើយពេលបង្ក្រាបចាប់យកតែឈើ និង រថយន្ត បន្ទាប់មកអ្នកប្រព្រឹត្តនៅតែធ្វើសកម្មភាពដ៏ដែលៗ ដែលជាកត្តាបង្រ្កាបនិងទប់ស្កាត់មិនមានប្រសិទ្ធភាព៕
មហាជនក៏ដូចជាអ្នកសារព័ត៌មានបានចោទជាសំណួរសួរថា តើមេឈ្មួញបំផ្លាញព្រៃឈើយ៉ាងរង្គៀលដ៏ល្បីឈ្មោះ កោះ សំភី ឬ ហ៊ុំ ហយ (ហៅតាហយ) អាចបំបាំងកាយគេចផុតពីសំណាញ់ច្បាប់ដែឬទេ ? បើប្រភពបានដឹងច្បាស់ហើយនោះ ។