(ចេញផ្សាយនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២)
ខេត្តកំពង់ចាម៖ សៃវេនបញ្ជល់មាន់និងបាញ់អាប៉ោងយ៉ាងអនាធិបតេយ្យមួយកន្លែងកំពុងតែដំណើរការយ៉ាងរលួន ដោយពុំឃើញមានអជ្ញាធរ ឬ សមត្ថកិច្ចណាមានចំណាត់ការឡើយ ។ សព្វថ្ងៃនេះ គេសង្កេតឃើញថា មានសៃវែនបញ្ជល់មាន់និងបាញ់អាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកយ៉ាងគគ្រឹកគគ្រេង ដោយភ្នាល់ដាក់ប្រាក់ចាប់ពី ១០០០ដុល្លារ រហូតទៅដល់៥០០០ដុល្លារ ក៏មានដែរ។
យោងតាមប្រភពនៅតាមរោងកាហ្វេ បានរិះគន់ចំៗថា លោក តាំង គឹមហុង មានតួនាទីជាអធិការរងទទួលផែនព្រហ្មទណ្ឌ មិនគួរណាមកបើសៃវេនបញ្ជល់មាន់និងបាញ់អាប៉ោង ដើម្បីទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងពពាក់ពពូនដោយមិនគិតពីតួនាទីរបស់ខ្លួនជាអ្នកបង្ក្រាបបទល្មើសទៅវិញ តើឯណាទៅភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ!
តាមប្រភពសូមមិនបង្ហាញអតីតសញ្ញាណបានឲ្យដឹងថា លោកអធិការរងស្រុកជើងព្រៃទទួលផែនព្រហ្មទណ្ឌ ឈ្មោះតាំង គឹមហុង បានបើកល្បែងស៊ីសងនៅទីតាំងផ្ទះរបស់ខ្លួន នៅខាងក្រោយហាងលក់បាយយីហោ៩៩ ដោយចាប់បើកពីម៉ោង១១ ថ្ងៃត្រង់ រហូតដល់ល្ងាច យ៉ាងគឃ្លើនមិនខ្លាចច្បាប់ទេ ដោយសំអាងថា ខ្លួនជាអធិការរង មានអំណាចពេញដៃ ហើយកន្លងមកកូនចៅរបស់អធិការរូបនេះ បានដេញវាយអ្នកកាសែត ដែលផ្សាយពីបទល្មើសរបស់ខ្លួន។
ករណីសៃវេនបញ្ចូលមាន់និងបាញ់អាប៉ោងខាងលើនេះ អង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនលោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុកជើងព្រៃតាមប្រព័ន្ធតេលេក្រាមលោកចូលមើលហើយមិនឆ្លើយតប។
ពលរដ្ឋសំណូមពរដល់លោកអធិការស្រុកជើងព្រៃ លោកស្នងការនគរបាលខេត្តកំពង់ចាម និងលោកអភិបាលខេត្តកំពង់ចាម មេត្តាចាត់កម្លាំងឲ្យចុះបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង កុំឲ្យអធិការរងស្រុកជើងព្រៃ ឈ្មោះកាំង គឹមហុង ធ្វើព្យុះធ្វើភ្លៀងបើកល្បែងស៊ីសងតាមទំនើងចិត្តបែបនេះទៀត៕