(ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២)
ខេត្តត្បូងឃ្មុំ ៖ ម្ចាស់បនល្បែងមួយកន្លែងនៅស្រុកពញ្ញាក្រែក ហាក់កំពុងប្រមាទដល់ច្បាប់ ដោយម្ចាស់ទីតាំងល្បែងនេះ បានបើកឲ្យមនុស្សរាប់រយនាក់ ចូលទៅលេងល្បែង បៀរ អាប៉ោង និងជល់មាន់យ៉ាងអនាធិតេយ្យដោយយគ្មានរំខានដល់អាជ្ញាធរ ឬសមត្ថកិច្ចក្នុងតំបន់នោះឡើយ ដ្បិតមានពាក្យចចាមរាមថា ម្ចាស់បនល្បែងនេះ មានអ្នកកាងពីក្រោយសុទ្ឋតែអ្នកមានអំនាចបុណ្យសក្តិធំៗណាស់ក្នុងខេត្តត្បូងឃ្មុំ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្លេងហ៊ោកញ្ជៀវពេញសង្វៀនមាន់អន្លង់ជ្រៃសុទ្ឋជនជាតិខ្មែរ ទីតាំងល្បែង យីហោ” ចក្រវាឡជាយដែន” ស្ថិតក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបើកលេងជល់មាន់យ៉ាងពពាក់ពពូន ដែលមានអ្នកលេងមកពីគ្រប់ច្រកល្ហក និងមានការចាក់លុយខ្នាតធំៗ ។
តាមសេចក្ដីរាយការណ៍ថា កាស៊ីណូខាងលើលួចបើកកម្មវិធីជល់មាន់ជារៀងរាល់ថ្ងៃសុក្រ មានម្ចាស់ឈ្មោះ អូន និងមេការឈ្មោះ បារាំង ។ ហេតុដែលគេអាចបើកលេងដោយបំពានច្បាប់តាមរបៀបជិះសេះ លែងដៃដូច្នេះបានគឺដោយសារតែមេបនល្បែងនេះត្រូវគេប្រាប់ថា ជាមិត្តភក្កិរបស់លោកធំខេត្តត្បូងឃ្មុំ ទើបគេមិនសូវខ្វល់រឿងច្បាប់របស់ប្រទេសស្អីនោះទេ។
ជុំវិញសៃវេនបញ្ជល់មាន់ខាងលើដែរនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយណាមួយពីលោក មុន មាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានទេ ដោយលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
សូមបញ្ជាក់ថា សង្វៀនជល់មាន់ក្នុងកាស៊ីណូ យីហោ” ចក្រវាឡជាយដែន” ដែលមានអ្នកលេងច្រើនលើសលប់ជាជនជាតិខ្មែរនេះ បានបើកឲ្យមានការភ្នាល់ប្រាក់រហូតដល់ខ្ទង់ម៉ឺនដុល្លារ ដែលជាការកត់សម្គាល់គេឃើញអ្នកឈ្នះសើចហ៊ោរសប្បាយ។ ដូច្នេះដើម្បីសុវត្ថិភាព សេចក្ដីសុខក្នុងសង្គមគ្រួសារខ្មែរ សមត្ថកិច្ចអាជ្ញាធរមិនគួរព្រងើយកន្តើយបណ្ដែតបណ្ដោយឲ្យល្បែងភ្នាល់នេះបន្តសកម្មភាពទៅទៀតទេ៕