(ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២)
កំពង់ស្ពឺ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ឯកឧត្តមពិតជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះកូនក្មួយជាសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រនៅក្នុងវិទ្យាល័យហ៊ុន សែន ចំបក់ សម្រាប់ឱកាសដែលទទួលបានមជ្ឈមណ្ឌលអប់រំក្រៅប្រពន្ធ័សិក្សាស្រាវជ្រាវលើផ្នែកអេឡិចត្រូនិកយានយន្តដែលបង្កើតនិងឧបត្ថម្ភឡើងក្រោមជំនួយគាំទ្ររបស់ដៃគូឡៃអិនក្លឹប(LION CLUB)នៃសាធារណៈរដ្ឋកូរ៉េ។ថ្លែងឡើងដូច្នេះគ្រាដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតក្នុងវិទ្យាល័យហ៊ុន សែន ចំបក់ ស្ថិតក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ។ ហើយអគារនេះនឹងក្លាយទៅជាកន្លែងរៀន នឹងអនុវត្តដោយផ្ទាល់ទៅលើគ្រឿងអេឡិចត្រូនិច ភាសាអង់គ្លេស និងភាសាកូរ៉េជាដើម ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានគូសបញ្ជាក់ថាមជ្ឈមណ្ឌលនេះពិតជាមានប្រយោជន៍សម្រាប់សិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់រូបបានសិក្សាស្រាវជ្រាវនិងទទួលបាននូវចំណេះជំនាញបច្ចេកទេស ដើម្បីមានឱកាសរកប្រាក់ចំណូលបង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិតទៀតផង។
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម បណ្ឌិតសភាចារ្យក៏បានរំលឹកឡើងវិញផងដែរថាខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលពីមុនជាតំបន់ប្រទាញប្រទង់គ្នាដោយចុងអាវុធ ជាសមរភូមិក្តៅ អសន្តិសុខនិងពោរពេញដោយគ្រាប់មីននៅពាស់ពេញដី។ក្រោមនយោបាយឈ្នះ ឈ្នះដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានកែប្រែតំបន់នេះឱ្យក្លាយជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍និងកស-ឧស្សាហកម្ម ហើយនាពេលអនាគតខេត្តនេះក៏និងប្រែក្លាយជាតំបន់នេះឱ្យទៅជាតំបន់ពាណិជ្ជកម្មផងដែរ។ទន្ទឹមនិងការរីកចម្រើនគួរឱ្យកត់សម្គាល់នេះ សាលារៀនដែលថ្នាលបណ្តុះនូវចំណេះដឹងធនធានមនុស្សក៏ត្រូវបានរីកដុះដាលឡើងតាំំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យពីទីជនបទរហូតដល់ទីប្រជុំជន។ជាមួយនិងការរីកដុះដាលនេះដែរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវះក្រៅប្រពន្ធ័ក៏ត្រូវបានបង្កើតឡើងទន្ទឹមគ្នានេះដែរដែលធ្វើឱ្យសិស្សានុសិស្សនិងប្រជាពលរដ្ឋនៃខេត្តកំសត់នេះបែរជាមានសំណាងលើសគេទៅវិញ មានឱកាសទទួលបានការបណ្តុះបណ្តាលភាសាកូរ៉េ អង់គ្លេស បច្ចេកទេសជួសជុលរថយន្តនិងបរិក្ខាអេឡិចត្រូនិក ហើយពិសេសនៅពេលបញ្ចប់ការសិក្សាអាចមានឱកាសធ្វើការជាមួយក្រុមហ៊ុនកូរ៉េនៅក្នុងស្រុកឬក៏អាចចេញមានឱកាសចេញទៅធ្វើការនៅប្រទេសកូរ៉េតែម្តង។ហើយស្របពេលដែលខេត្តត្រូវបានទទួលការគិតគូរពីរាជរដ្ឋាភិបាលនិងក្រោមការខិតខំអភិវឌ្ឍន៍របស់ថ្នាក់ដឹកនាំខេត្ត សូមកូនក្មួយជាសិស្សានុសិស្សនិងយុវជនត្រូវខិតខំសិក្សារៀនសូត្រនិងប្រឹងប្រែងស្រាវជ្រាវដើម្បីទទួលបានជំនាញមួយច្បាស់លាស់សម្រាប់កសាងអនាគតខ្លួនឯង អនាគតគ្រួសារនិងសង្គមជាតិឱ្យសមដូចពាក្យស្លោករបស់ប្រមុខដឹកនាំដែលលើកឡើងថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចដើម្បីខ្លួនឯង គ្រួសារនិងសង្គម ៕