(ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ÷ នាព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៧គ្រួសារ និងប្រគល់ផ្ទះចំនួន ២ខ្នង ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ឱកាសនោះ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម ក៏បានបន្តទៀតដែរថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យបងប្អូនទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ និងជៀសចាកផុតពីរោគាព្យាធិទាំងឡាយ។
សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះចំនួន ២ខ្នងរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ភួយ ១ សារុង ១ ក្រម៉ា ១ មុង ១ និងថវិកាចំនួន ៥០,០០០រៀល។
សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល៕