(ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២)
ភ្នំពេញ÷ តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ បើទីតាំងលេងល្បែងស៊ីសងប្រភេទ ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំមួយកន្លែងដែលមានវត្តមាននៅតាមបណ្ដោយផ្លូវលេខ ៤៧៤ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន កំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប! ហាក់បីដូចជាប្រទេសគ្មានច្បាប់អញ្ចឹង ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដូចទីតាំង ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំមួយនេះ កំពុងតែរួមចំណែក នូវការបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសងដ៏ធំមួយកន្លែងនេះ ដែរស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៧៤ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពបានបង្ហើបប្រាប់ឱ្យដឹងថា ទីតាំង ណេត ចាក់បាល់ បៀរការ៉ាតនិងល្បែងផ្សេងៗដ៏ធំខាងលើនេះ កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់ជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ករណីល្បែងស៊ីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរដល់លោក យិន សាន អធិការខណ្ឌចំការមន លោកឧត្ដមសេនីយ៍ឯក ស ថេត នឹង ឯកឧត្ដម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់លើសុខទុក្ខ របស់ប្រជាបលរដ្ឋ មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះផង និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕