(ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២)
ពោធិ៍សាត់៖ សិក្ខាកាមប្រមាណជាង ១៥០នាក់ មានសេចក្តីរំភើបរីករាយក្រោយពីទទួល ជំនាញលក់កម្រិតខ្ពស់ ដែលរៀបចំដោយ គម្រោងអភិវឌ្ឍ សួនចំការបុរីទេសចរណ៍ នៅព្រឹកងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងសាលប្រជុំ សណ្ឋាគារ ច័ន្ទមណ្ណីមណ្ណីច័ន្ទ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ហោ គន្ធា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស្វាសធីកា អុិនវេសម៉ិន និងជាប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា អញ្ជើញជាគ្រូឧទ្ទេសនាម បានសង្កត់ធ្ងន់ថា ជំនាញលក់ជារឿងសំខាន់ណាស់ ក្នុងការបង្កើតប្រាក់ចំណូលខ្ពស់ រីឯជំនាញលក់កម្រិតខ្ពស់ បែងចែកជា ០៣ កម្រិត ១.កម្រិតជំនាញលក់ ២.កម្រិតគ្រប់គ្រងលក់ ៣.កម្រិតដឹកនាំលក់ ហើយលោកបានបន្ដទៅទៀត ប្រសិនបេីទទួលបានជំនាញលក់កម្រិតខ្ពស់ហេីយ គឺអាចយកទៅបង្កើតប្រាក់ចំណូលបានខ្ពស់ តួយ៉ាងដូចជា អចលនទ្រព្យជាដេីម។
លោកបានលេីកទឹកចិត្តឱ្យសិក្ខាកាម ប្រមាណជាង ១៥០នាក់ ខិតខំបង្កើតប្រាក់ចំណូលសកម្ម និងអកម្ម តាមរយៈវិស័យអចលនទ្រព្យ។
ក្រោយពីបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់បានធ្វើទស្សនកិច្ចសិក្សាបន្ថែម នៅទីតាំងគម្រោងអភិវឌ្ឍ សួនចំការបុរីទេសចរណ៍ ទី២ ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រមទាំងទទួលទានអាហារសាមគ្គីរួមគ្នា ប្រកបដោយសេចក្ដីរីករាយយ៉ាងក្រៃលែង។