(ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពង់ចាម÷ ទីតាំងល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ដែលស្ថិតនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខសង្គម។ តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ ។
ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង មួយកន្លែងនេះ ដែរស្ថិតនៅភូមិតាកុច ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃគេសង្កេតឃើញ ទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ខាងលើនេះ បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
សូមលោករសេនីយ៍ឯក ប៉ាក សុជាតិ អធិការស្រុកស្រីសន្ធរ មានចំណាត់ការផង និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថាតើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក ប៉ាក សុជាតិ អធិការស្រុកស្រីសន្ធរ តើ ហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ។