(ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២)
ព្រះវិហារ៖ ហេតុការណ៍បាត់រថយន្តដឹកបទល្មើសព្រៃឈើ ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ ដែលជាវេនរបស់លោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើ រវៀង ប្រចាំការនៅនឹងស្នាក់ការ។ នេះជាលើកទី១ ហើយ ដែលវត្ថុតាងដឹក បទល្មើស ត្រូវបានចោលួចបាត់ ។
ករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បន្ទាប់ពីរថយន្តម៉ាកតូយ៉ូតា ហាយឡិនឌឺ មួយគ្រឿង ត្រូវបានចោរលួចយកចេញ ពីក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើរវៀង ខណៈនៅក្នុងសង្កាត់រដ្ឋបាល ព្រៃឈើរវៀង មានការយាមកាមតឹងតែងបំផុត ។
សូមបញ្ជាក់ថា រថយន្តម៉ាកតូយ៉ូតា ហាយឡិនឌឺ ដឹកឈើនេះ ត្រូវបានលោក ស៊ុ សុវុត្ថា នាយផ្នែករវៀង សហការជាមួយអាវុធហត្ថស្រុក នគរបាលស្រុករវៀង ដោយមានការចូលរួមពី អ្នកសារព័ត៌មានផងនោះ បង្ក្រាបបានកាលពីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ វត្ថុតាងរថយន្តម៉ាកតូយ៉ូតា ហាយឡិនឌឺ ពណ៌ស មួយគ្រឿង និងឈើលេខ១ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃ រថយន្តត្រូវបានចោរ អាថ៌កំបាំងលួចបាត់ ។ លោក យឹម វាសនា យើងមិនអាចសុំការ ពន្យល់បានទេ ដោយទូរស័ព្ទចូលច្រើនដង តែមិនលើកទទួល ។
ពាក់ព័ន្ធករណីបាត់រថយន្ត ជាវត្ថុតាងនេះ លោក ជ័យ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើ រវៀង បានឱ្យដឹងថា លោកមិនបាននៅកន្លែងទេ ដោយជាប់រវល់នៅឯស្រុក ព្រោះទៅមើលបងឈឺ ទុកឱ្យលោក យឹម វាសនា នាយរងសង្កាត់នៅចាំកន្លែង។ ចំណែករថយន្តដឹកបទល្មើស ត្រូវបានបាត់ លោកមិនទាន់ដឹងមូលហេតុពិតប្រាកដទេ រង់ចាំស្រាវជ្រាវមើលសិន ។
លោក ស៊ុ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យដឹងថា ហួសចិត្ត ដែលចោរ វាហ៊ានចូលមកលួចរថយន្ត ដែលជាវត្ថុតាង ដល់ក្នុងសង្កាត់រដ្ឋបាលព្រៃឈើ រវៀង យ៉ាងនេះ ប៉ុន្តែលោកនឹងបន្តតាមបង្ក្រាបទៀត ឱ្យខាងតែបាន ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីលោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាលព្រៃឈើរវៀង រៀងរាល់ម៉ោងធ្វើការដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕