(ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២)
កំពង់ស្ពឺ÷ ការចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៥៥ គ្រួសារនាពេលនេះ គឺជាការគិតគូរពីដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ច្រកល្ហក មិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋណាម្នាក់ អត់ជម្រក និងគ្មានអាហារហូបចុកនោះឡើយ ដោយពុំបានគិតគូរពីអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងរាជរដ្ឋាភិបាលនោះឡើយ។ ទីណាមានទុក្ខលំបាក គឺមានវត្តមានកាកបាទក្រហមកម្ពុជា មានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា មានក្រុមការងារចុះជួយតាមឃុំ បាននាំអំណោយសប្បុរស់ជន យកទៅចែកជូនដល់ដៃជនរងគ្រោះទាំងអស់នោះ ជាប់ជាប្រចាំ។ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍បែបនេះ នៅពេលដែលលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយដល់រដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ ដល់ប្រជាពលរដ្ឋងាយរងគ្រោះប្រមាណ ១៥៥ គ្រួសារ នៅវត្តអង្គតាឯក ឃុំភ្នំតូច ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២។
លោកជំទាវបានបន្តទៀតថា÷ សូមឱ្យ ពុក ម៉ែ បង ប្អូន ទាំងអស់ រស់នៅ ត្រូវមានអនាម័យ ហូបស្អាត ផឹកទឹកដាំពុះ សម្អាតបរិស្ថានជុំវិញផ្ទះ ខិតខំដាំដំណាំរួមផ្សំក្រៅពីដំណាំស្រូវ ខិតខំចិញ្ចឹមសត្វលើកកម្ពស់ជីវភាពគ្រួសារ។ ហើយពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ជំងឺ covid-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ពលរដ្ឋគ្រប់រូបចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ19 ពីដូសដំបូង រហូតដល់ដូសជំនួញជា និងប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នារស់នៅតាមសហគមន៍គ្មានជំងឺឆ្លងគ្រប់ប្រភេទផងដែរ៕