(ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានីអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្លែងថាពហុកីឡាដ្ឋាន ស្តង់ដារអន្តរជាតិដែលបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង២លានដុល្លារអាមេរិកនៅក្នុងខេត្តកំពង់ស្ពឺគ្រោងដាក់សម្ពោធក្នុងពេលឆាប់ៗនេះហើយ ក្រោយការសាងសង់នៅសេសសល់តិចតួចប៉ុណ្ណោះ។ការថ្លែងលើកឡើងដូច្នេះក្នុងពេលបើកការប្រកួតមិត្តភាពស្ទៀបស្ទង់សមត្ថភាពនិងដកស្រង់បច្ចេកទេសនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាការប្រកួតនេះគឺធ្វើឡើងរវាងកីឡាករមកពីក្លឹបអាហ្គាវើលជាមួយក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ។ការប្រកួតនេះដែរគឺជាការប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេស និងសាកល្បងស្តាតដែលទើបស្ថាបនាជិតរួចរាល់តែប៉ុណ្ណោះ។ទន្ទឹមនិងការសាកល្បងនេះដែរ ស្តាតកីឡាដ្ឋានដ៏ប្រណិតនេះនិងគ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។តាមរយៈសមិទ្ធផលថ្មីនេះនឹងលើកកម្ពស់មុខមាត់បន្ថែមទៀតដល់ខេត្តកំពង់ស្ពឺ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផ្សេងទៀត ក្រោមម្លប់នៃសុខសន្តិភាព។
ជាមួយនោះផងដែរអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រ និងថែរក្សាកីឡាដ្ឋាននេះដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់វិស័យកីឡាក្នុងខេត្តយើងផងនិងឈានឆ្ពោះទៅបង្កើតស្នាដៃថ្មីៗលើឆាកជាតិនិងអន្តរជាតិបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ផងដែរថាកីឡាដ្ឋានស្តង់ដារអន្តរជាតិនេះត្រូវបានសាងសង់ឡើងក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២ លានដុល្លារអាមេរិកនៃមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕