(ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២)
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តគោលនយោបាយចិនតែមួយ និងប្រឆាំងដាច់ខាតរាល់ពាក្យសម្តី ឬសកម្មភាពណាមួយដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។គោលជំហររបស់នាយករដ្ឋមន្ត្រីលើការអនុវត្តគោលនយោបាយចិនតែមួយ ត្រូវបានដកស្រង់នៅលើគេហទំព័រ Facebook របស់ស្ថានទូតចិនប្រចាំកម្ពុជា។ ការលើកឡើងនេះបានធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក Liu Jianchao ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃបក្សកុម្មុយនិស្តចិន។យោងតាមខ្លឹមសារដកស្រង់ដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Liu បានពិភាក្សាអំពីបញ្ហាប្រឈម និងភាពស្មុគស្មាញនៅក្នុងតំបន់ និងពិភពលោក។យោងតាមស្ថានទូតចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់សម្តីថា នៅចំពោះមុខនឹងស្ថានភាពផ្លាស់ប្តូរនេះ កម្ពុជា និងចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ប្រឈមមុខនឹងបញ្ហារួមគ្នា ការពារអធិបតេយ្យភាព និងឯករាជ្យភាព និងការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅពេលដែលកម្ពុជាជួបការលំបាក ភាគីចិនតែងតែផ្តល់ជំនួយទាន់ពេលវេលា។ នៅពេលដែលកម្ពុជាកំពុងដោះស្រាយបញ្ហាអភិវឌ្ឍន៍ ភាគីចិនតែងតែផ្តល់អាទិភាពហើយភាគីចិនបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពរបស់ចិន លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ភាគីកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងដាច់ខាតនូវរាល់ពាក្យសម្តី និងទង្វើដែលបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន៕KhmerTime