(ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២)
ខេត្តព្រៃវែង÷ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ក្នុងភូមិតានុន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ដែលស្អប់ខ្ពើមនិងល្បែងស៊ីសងបានប្រាប់អង្គភាពសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងអោយដឹងថា មានទីតាំងប្រមូលផ្តុំលេងល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ក្រោយពីរបិទបានមួយរយៈខ្លី ពេលនេះបើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនវិញហើយ គ្មានឃើញសមត្ថកិច្ចណាបង្ក្រាប ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នឹង ធ្វើឱ្យក្រុមគ្រួសារឈ្លោះទាស់ទែងគ្នាដោយសារតែប្ដីមិនទៅធ្វើការគិតតែលេងល្បែងស៊ីសង។
សេចក្តីរាយការណ៍បានបន្តទៀតថា ទីតាំងបើកល្បែងស៊ីសងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខាងលើ នៅទល់មុខក្លោងទ្វារវត្តព្រៃខ្លា ស្ថិតនៅភូមិតានុន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានម្ចាស់ផ្ទះឈ្មោះ តេង កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ចាក់ជារៀងរាល់ថ្ងៃ ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
យើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/ស្រុក គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/ស្រុក ពួកគាត់ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ល។
ករណីខាងលើនេះសូមលោករសេនីយ៍ឯក លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ មានចំណាត់ការផង(ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ តើលោកហ៊ាន ឬ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដ៏ធំមួយកន្លែងនេះ។