(ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តកណ្តាល ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដែលមិនពេញចិត្តនូវល្បែងស៊ីសង កំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធមានអំណាចក្នុង ក្នុងស្រុកមុខកំពូល មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ កំពុងបើកលេងយ៉ាងពេញទំហឹងក្នុងស្រុកមុខកំពូល ដោយឡែកលោកនាយប៉ុស្តិ៍នរដ្ឋបាលជ្រោយស្វាយ មិនមានចំណាត់ការទប់ស្កាត់ឬបង្ក្រាបនោះទេ ឬមួយលោក អសមត្ថភាពក្នុងការបង្ក្រាប បានជាបណ្តែតបណ្ដោយ ឲ្យល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ លេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ សមត្ថកិច្ចពាក់ព័ន្ធក្ក្នុងស្រុកមុខកំពូល សម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាបឬស.? ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងលេងល្បែងអនឡាញ មាន់ជល់តាមកញ្ចក់ទូរទស្សន៍ ខាងលើនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ០៦ នៅទល់នឹងមុខខ្លោងទ្វារ វត្តមហាអម្ពវន័ (ហៅវត្តឫស្សីជ្រោយ) ស្ថិតនៅឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល កំពង់បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងភ្នាល់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឹងកង ដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកមុខកំពូល និងភ្ញាក់ពីដំណេកលុបមុខ សិតសក់ ឆ្លុះកញ្ចក់ មើលខ្លួនឯងថា បច្ចុប្បន្នខ្លួនមានតួនាទីអ្វី ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងបម្រើផលប្រយោជន៍ជាតិទាំងមូលនិងបញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។ល។
ករណីខាងលើនេះសូមលោកវរសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល ចាត់កម្លាំងជំនាញចុះបង្ក្រាបផង ឱ្យស្របតាមគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល (ចៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់) និងជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះ គាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនជាច្រើន ដោយសេរីបែបនេះ?
ប្រជាពលរដ្ឋកន្ទឹងរង់ចាំមើលថា តើចំណាត់ការអាជ្ញាធរពាក់ព័ន្ធពិសេសលោកវីរៈសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល តើលោកហ៊ាន រឺ មិនហ៊ាន? នៅការបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់តាមកញ្ចក់ទូរទស្សន៍ ខុសច្បាប់ ដ៏ធំមួយកន្លែងនេះ។