(ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២)
_នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អៀង អុល ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ផុន សុីថា នាយផ្នែក ការិយាល័យ សន្តិសុខផ្ទៃក្នុង ព្រមទាំងប្រគល់ថវិកាមិត្ដសមាគមនគរបាលជាតិ និងបំពាក់ឋានន្ដរស័ក្កថ្នាក់វរសេនីយ៍ទោជាកិច្ចមច្ឆាមរណៈ ។
លោកវរសេនីយ៍ទោ ផុន សុីថា បានទទួលមរណៈភាពនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយសារជំងឺលើសឈាមដាច់សសៃឈាមខួក្បាល ទោះបីក្រុមគ្រួសារខិតខំប្រឹងប្រែងបញ្ជូនលោកទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតែជាអកុសល លោកវរសេនីយ៍ទោ ផុន សុីថា នៅតែមិនអាចគេចផុតពីសេចក្ដីស្លាប់ ព្រោះតែសម្ពាធឈាមចុះហួសកម្រិតនៃការជួយសង្រ្គោះ សពបានតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានក្នុង ភូមិពោធ៍កោង ឃុំព្រះស្រែ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្នុងនោះផងដែរលោកក៏បាននាំយក ថវិកាសមាគមមិត្តនគរបាលចំនួន ៦,០០០,០០០(ប្រាំមួយលានរៀល) រួមជាមួយបច្ច័យបងប្អូនកងកម្លាំងនគរបាលខេត្តកំពង់ស្ពឺចំនួន ៣,២៥០,០០០ រៀល(បីលានពីសែនប្រាំមុឺនរៀល) ៕