(ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២)
ខេត្តរតនគិរី÷ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៦នខែកញ្ញា ឆ្នាំ២០២២ នេះថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលមកកម្សាន្តនៅតាមរមណីដ្ឋាននានាក្នុងខេត្តរតនគិរី មានចំនួន ១៨,១៦១ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១៨,០១៥នាក់ភ្ញៀវអន្តរជាតិ មានចំនួន ១៤៦ នាក់ បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១មានការកើនឡើង១០០%។
លោក ង៉ែត ពិទូ បានអះអាងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះមានកត្តាមួយចំនួនដូចជា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើការចាក់ស្រោចវ៉ាក់សាំងការពារកូវីដ-១៩ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ជាពិសេសរដ្ឋបាលខេត្តរតនគិរីក្រោមការដឹកនាំរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានជម្រុញអោយមន្ទីរវិស័យ រៀបចំភ្លើងពណ៌លំអរទីក្រុងបានយ៉ាងស្រស់ស្អាតនាពេលរាត្រី និងបានណែនាំអោយមន្ទីរទេសចរណ៍រៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។ជាងនេះទៀតនោះអាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
លោកបន្តថា រយៈពេល៣ថ្ងៃនេះបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹកទុកដាក់សំរាមត្រឹមត្រូវ។
ដោយឡែកបញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះផងដែរ៕