(ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២)
កំពង់ចាម: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនតាមរយៈកត្តារួមផ្សំជាច្រើន ការថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជក់ថា តាមរយៈកត្តារួមផ្សំជាច្រើននោះរួមមាន៖ ១. កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ២. សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សាសាកលភាវូបនីយកម្ម ៣. ការកាត់បន្ថយឆាប់រហ័សនៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និង ៤. ភាពឯករាជ្យម្ចាស់ការ។ ដូចនេះទាមទារនូវការជម្រុញឲ្យធនធានមនុស្សយើង មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅ, ជំនាញវិជ្ជាជីវៈ, កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលេីកឡេីងថា ការទទួលសញ្ញាបត្រនេះ មានន័យថា និសិ្សតជ័យលាភីទាំងអស់បានបញ្ចប់ដំណើរជំហានមួយទៀតក្នុងជីវិត។ មេរៀនដ៏សំខាន់សម្រាប់ជំហានបន្ទាប់ទៀតទាំងក្នុងការប្រកបការងារ និងជីវិតរស់នៅ មានជាអាទិ៍៖ ទី១. ជោគជ័យធំកើតពីការបូករួមផ្សំចូលគ្នានៃជោគជ័យតូចៗជាច្រើនទៀត។ ក្នុងន័យនេះ ភាពជោគជ័យដែលនិស្សិតសម្រេចបាននាពេលនេះ គឺកើតចេញពីភាពជោគជ័យជាជំហានៗជាច្រើនរួមផ្សំគ្នា រាប់ចាប់តាំងពីថ្ងៃសិក្សាដំបូងមកដល់មានសមត្ថភាពពេញលេញ។ ទី២. ការតស៊ូខិតខំប្រឹងប្រែងជាកត្តាកំណត់នូវភាពជោគជ័យ ព្រោះភាពជោគជ័យត្រូវការពេលវេលាទាំងក្នុងការសិក្សារៀនសូត្រ និងការអនុវត្តការងារជាក់ស្តែង និងទី៣. ការកំណត់គោលដៅច្បាស់លាស់នៅក្នុងរាល់សកម្មភាពការងារ និងក្នុងជីវិត ដែលនេះអាចជួយទម្លុះទម្លាយនូវរាល់បញ្ហាប្រឈមនានា និងរក្សានូវគោលគំនិតបន្តសម្លឹងមើលទៅលទ្ធផលនាថ្ងៃអនាគតផងដែរ ៕