(ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២)
(បន្ទាយមានជ័យ)៖ អាវុធហត្ថខេត្តបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ករណីលួចទូរសព្ទព្រះសង្ឃចំនួន៤គ្រឿងនិងបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៧ ខែតុលាដើម្បីចាត់ការបន្ត ។
មន្ត្រីអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ផ្នែកជំនាញបានចាប់បុរសម្នាក់ បានលួចទូរសព្ទចំនួន៤គ្រឿងនៅវត្តសុវណ្ណបុព្វតា ហៅវត្តខ្លាកូនចាស់ ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណកាលពីថ្ងៃទី២៥ ខែតុលារួចគេចខ្លួន។ជនសង្ស័យឈ្មោះ ឆូត ឆុង អាយុ២៨ឆ្នាំទីកំណើតនៅខេត្តកំពង់ស្ពឺបានមកស្នាក់នៅក្នុងវត្តខាងលើ ។
ក្រោយទទួលបណ្តឹងពីព្រះសង្ឃ អាវុធហត្ថក្រុងសិរីសោភ័ណបានចុះស្រាវជ្រាវរហូតចាប់ជនសង្ស័យព្រមទាំងដកហូតវត្ថុតាងទូរសព្ទចំនួន៤គ្រឿងម៉ាកOPPO ៣គ្រឿងនិងម៉ាកVIVO១គ្រឿងហើយយកប្រគល់ជូនព្រះសង្ឃវិញ៕.