(ខេត្តព្រះសីហនុ) កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។
ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូនេះថា «ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថរបស់លោកក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យាការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម»។
បន្ថែមពីនេះ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា វត្ថុតាងត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ចំពោះជនសង្ស័យកម្លាំងមន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ៕