ខេត្តត្បូងឃ្មុំ៖ កាសុីណូមួយកន្លែង ដែលមានស្លាកយីហោដូង ៧ ដើម មានម្ចាស់ឈ្មោះ(តាលឹម) នៅជាប់ច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា-វៀតណាម ទ្វេភាគីដា ស្ថិតនៅភូមិបេង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងមាន់ជល់ បៀ អាប៉ោងនៅក្នុងកាសុីណូ របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងដោយបំពានបម្រាមរាជរដ្ឋាភិបាល។
ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងល្បែងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។
បុរស់ម្នាក់ រស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូដូង ៧ដើម គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប្រភពមួយបានរៀបរាប់ថា ចាប់តាំងពីកាសុីណូដូង ៧ដើម ខាងលើនេះបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងល្បែងជារាងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។
ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។
ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អ្នកសារព័ត៌មាន មិនអាចសុំការបកស្រាយពីតំណាងបានឡើយ ជាពិសេសលោក (តាលឹម) ដែលជាម្ចាស់កាស៊ីណូដូង ៧ ដើម ។
ពាន់ពន្ធ័នឹងករណី ម្ចាស់កាសុីណូ ឈ្មោះ(តាលឹម) បានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងខាងលើ ប្រជាពលរដ្ឋស្នើសុំដល់លោកអភិបាលខេត្តត្បូងឃ្មុំ ជាម ចន្ទ័សោភ័ណ្ឌ នឹង ឯកឧត្តម ម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់កម្លាំងជំនាញចុះពិនិត្យមើលកាសុីណូរបស់ឈ្មោះ (តាលឹម) ដែលបើកអោយពលរដ្ឋខ្មែរចូលលេងនេះផងនិងជួយមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ.ឃុំ.សង្កាត់ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ យ៉ាងព្រហឹងអង្ក្រង នៅជិតច្រកទ្វារព្រំដែន កម្ពុជា-វៀតណាម ទ្វេភាគីដា បង្កប់ក្នុងកាស៊ីណូ ដូង៧ដើម យ៉ាងអាណាធិបតេយ្យបែបនេះ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត សុក្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕