ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់សារព័ត៌មាន ឲ្យដឹងថា សម្តេចបានចាត់ចែងឲ្យលោក សេង ទៀង យកថវិកា១០លានរៀលប្រគល់ជូនលោកស្រី ហែម ស៊ីណាត សម្រាប់ជាការលើកទឹកចិត្តចំពោះការខិតខំរៀនសូត្រស្ទើរមួយជីវិត។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកា១០លានរៀល ដើម្បីលើកទឹកចិត្តដល់លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ ជាបេក្ខជនអាយុច្រើនជាងគេ ដែលបានប្រឡងធ្លាក់ សម្រាប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២។
លោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាបេក្ខជនអាយុច្រើនជាងគេ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២២។ ទោះជាមិនបានជាប់ក្នុងការប្រឡងបាក់ឌុប ប៉ុន្តែលោកស្រីមិនអស់សង្ឃឹមនោះទេ ដោយប្តេជ្ញាបន្តប្រឡងជាថ្មីនៅឆ្នាំក្រោយទៀត ដើម្បីសម្រេចនូវក្តីស្រមៃជាគ្រូបង្រៀន។
ការប្រឡងបាក់ឌុបឆ្នាំនេះបេក្ខជនមានអាយុក្មេងជាងគេឈ្មោះ គីម ហុង អាយុ១៣ឆ្នាំ ប្រឡងជាប់និទ្ទេស C និងបេក្ខជនចាស់ជាងគេគឺលោកស្រី ហែម ស៊ីណាត អាយុ៥៦ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ គីម ហុង សម្តេចតេជោ នឹងចុងផ្តើមអោយរៀនបាន ២មុខវិជ្ជា នៅមហាវិទ្យាល័យឌីជីថល របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង សកលវិទ្យាល័យប៊ែលធីអន្តរជាតិ។
ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានសិស្សជាប់៩០៩៥០នាក់ស្មើនឹង៧២.៣៣% និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន៧២៣២នាក់, និទ្ទេស C ចំនួន១៩០៥៣នាក់, និទ្ទេស D ចំនួន៣១១៦៦នាក់ និងនិទ្ទេស E ចំនួន៣២៤៥០នាក់។
សម្តេចតេជោ ហ៊ុនសែន សូមអរគុណ ដល់លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា អង្គភាព ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តែងចូលរួមរាល់កម្មវិធីប្រឡងប្រកបដោយភាពជោគជ័យ ល្អប្រសើរ ហើយមានសិស្សជាប់ដល់ជាង ៧៣%។
ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១ និងត្រូវជា ៥១៧៤បន្ទប់។
សូមជម្រាបថា, សិស្សក្រីក្រ តាមទីជនបទ និងកំព្រា បានតស៊ូក្នុងការសិក្សា មិនត្រឹមតែជាប់បាក់ឌុបប៉ុណ្ណោះទេ ថែមទាំងទទួលបាន និទ្ទេស A ហើយភាពអស្ចារ្យនេះ ត្រូវបានប្រជាពលរដ្ឋនិយមលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហោះព្រោងព្រាត ជាសារជូនពរ ត្រេកអរ នូវលទ្ធផលទាំងនេះ ។ ពិសេសអាជ្ញាធរ មូលដ្ឋានបានយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ ផ្ដល់ថវិកាសម្ភារៈ និងលើកទឹកចិត្តដល់សិស្សពូកែថែមទៀត។
សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា, កាលពីសម័យកូវីដក្នុងឆ្នាំ 2021 សិស្សប្រឡងជាប់និទ្ទេស A មានចំនួនជិត 2000 នាក់ ដល់ឆ្នាំនេះ សិស្សទទួលនិទ្ទេស A តែជាង 1,000 នាក់ មានន័យថាតិចជាងឆ្នាំមុនប្រមាណ 700 នាក់។ សម្ដេចបានប្រកាសថា, ចំពោះសិស្សនិទេ្ទសA សម្ដេចនិងជួបនៅខែកុម្ភៈ ឆ្នាំ២០២៣។ សម្ដេចក៏បានមានប្រសាសន៍លើកឡើងថា, ការប្រឡងកុំគិតអំពីនិទ្ទេស សំខាន់ឲ្យតែបានប្រឡងជាប់ គឺមានឱកាសបន្តចូលមហាវិទ្យាល័យ សាកលវិទ្យាល័យ ដើម្បីអនាគត ៕