(ភ្នំពេញ) ៖នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គម ចូលជួបសម្តែងការគួរសម។
តាមការឲ្យដឹងពី ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីប្រវត្តិនៃការសាងសង់អគារសន្តិភាព ព្រមទាំងដំណើរការដឹកនាំកិច្ច ប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា នៅវិមានសន្តិភាពនេះកាលពីឆ្នាំ២០១២ ដែលកម្ពុជា ជាប្រធានអាស៊ាន។ ក្រៅពីការរំលឹកពីប្រវត្តិវិមានសន្តិភាពហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីភាពលេចធ្លោនៃការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ផងដែរ។
ភាពលេចធ្លោដែលសម្តេចតេជោ បានមានប្រសាសន៍លើកឡើងរួមមាន៖ ១-ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ, ២-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា, ៣-ការគ្រប់គ្រងជំងឺកូវីដ១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង, ៤-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ៥-ការអនុវត្តន៍នយោបាយការបរទេសឈរលើភាពឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ និង៦-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២នេះ ប្រកបដោយភាពជោគជ័យ។
បន្ទាប់ពីជំនួបសម្តែងការគួរសមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញរៀបចំអាហារសាមគ្គីជាមួយក្រុមអ្នកលេងបណ្តាញសង្គមទាំង២៦រូប ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕