ខេត្តក្រចេះ៖ ឈើល្មើសច្បាប់ជាច្រើនសម្លឹកត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុកនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ត្រូវបានកម្លាំងចម្រុះសហការចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុក។
ប្រតិបត្តិការចុះបង្ក្រាបឈើគ្មានច្បាប់ខាងលើនេះធ្វើឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ នៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ស្ថិតននៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបឈើល្មើច្បាប់ខាងលើនោះមានកម្លាំងប៉េអឹមលើផ្ទៃប្រទេស កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង កម្លាំងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងកម្លាំងបរិស្ថាន ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមឈ្មួញឈើបានធ្វើការដឹកជញ្ជូនឈើមកទំលាក់ទុកនៅចំណុចជប់ក្បែរដែនជម្រកបរិស្ថានកំពួតគយ ហើយនឹងដឹកជញ្ជូនតាមរថយន្តបន្តចេញទៅវិញស្ទើរតែរៀងរាល់យប់។
ក្រោយពីកម្លាំងចម្រុះចុះត្រួតពិនិត្យឈើទាំងនេះត្រូវបានដឹងថា ជាប្រភេទឈើលេខ ០២ ដែលមានមុខកាត់ ៥គុណនិង១៥ ប្រវែង ៧ម៉ែត្រ ៨ម៉ែត្រដែលមានចំនួនសរុប ១៤២ សន្លឹកនិងក្តារបន្ទះប្រវែង ៤ម៉ែត្រមានចំនួន ១១៥សន្លឹក។
បើតាមប្រភពមួយបានបង្ហើបប្រាប់ឲ្យដឹងថា ឈើដែលកម្លាំងចម្រុះចុះបង្ក្រាបនោះគឺជារបស់មេឈ្មួញដុះស្លែដ៏ល្បីម្នាក់ឈ្មោះ ចែ ម៉ាប់ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាមេឈ្មួញដ៏ល្បីជាយូរណាស់មកហើយខាងដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីព្រៃឡង់ យកទៅលក់ចែកចាយនៅតាមបណ្ដាខេត្តនានា មិនដែលឃើញសមត្ថកិច្ចណាបង្ក្រាបបាននោះទេ។
មហាជនរងចាំមើលថាតើកម្លាំងជំនាញអាចចុះស្រាវជ្រាវវែករកមុខមេឈ្មួញដែរបំភ្លេចបំផ្លាញធនធានធម្មជាតិនឹងដឹកជញ្ជូនបទល្មើសស្ទើរតែរួមផ្លូវអស់ហើយនោះ យកមកចាត់ការតាមនីតិវិធីច្បាប់បានដែរឬណា.? ៕