(ព្រៃវែង) ៖ តើឯណាទៅភូមិឃុំមានសុវត្ថិភាព បើបនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងអាប៉ោង កំពុងបើកដំណើរការអោយជនជាតិខ្មែរចូលលេងភ្នាល់ស្រែកហូរកញ្ច្រៀវយ៉ាងត្រហឹងអឹងកង ជារៀងរាល់ថ្ងៃ កំពុងតែផ្គើននៅអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន ខណៈលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច ថាគ្មានជនជាតិខ្មែរចូលលេងទេ! បើមានមែនម្ចាស់បនល្បែងជាអ្នកទទួលខុសត្រូវទៅវិញ។
បនល្បែងដ៏ធំនេះស្ថិតនៅក្នុង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងល្បែងយ៉ាងពពាក់ពពូន នៅក្នុងបនល្បែងដ៏ធំនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។
តាមប្រភពពីអ្នកកញៀនល្បែងនៅទីនោះ សូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះខ្មាស់គេពេកបានប្រាប់សារព័ត៌មានយើងថា៖ បនល្បែងនេះបានបើកដំណើរការអោយជនជាតិខ្មែរចូលលេងដោយសេរី ហើយបើកអស់រយៈពេល ជាច្រើនខែ មកហើយ មានអ្នកញៀនល្បែងខ្លះបានលង់ចាញ់ល្បែងក្នុងបនល្បែងខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងបនល្បែងនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកញៀនល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងបនល្បែងដ៏ធំមួយកន្លែងនេះ គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងបនល្បែងដ៏ធំខាងលើនេះ។
អ្នកញៀនល្បែងដដែលបានបន្តទៀតថា ៖ បនល្បែងនេះ មានជនបរទេស ឬ ជនជាតិវៀតណាមចូលលេងតិចតូចណាស់ គឺ៩០ភាគរយទៅហើយ ជាជនជាតិខ្មែរ ដែលចូលលេងនៅក្នុងបនល្បែងនោះ ។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ចំណែក លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា អត់មានខ្មែរចូលលេងបនល្បែងនោះទេ! បើកមានមែន ម្ចាស់បនល្បែងនោះ ជាអ្នកទទូលខុសត្រូវ នេះជាសម្តីរបស់លោកអធិការស្រុកព្រះស្តេច ។ មហាជនហូសចិត្តនិង សម្តី របស់លោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្តេចរូបនេះ ខណៈបនល្បែងមួយនោះ! បើកដំណើរការអោយជនជាតិខ្មែរចូលលេងយ៉ាង ភ្លួកទឹក ភ្លួកដី អស់រយៈពេលជាច្រើន ខែកន្លងមកហើយ ។
ខណៈនោះដែរសារព័ត៌មានយើង ក៏បានទាក់ទង និង រាយការណ៍ ទៅលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្តេច តាយរយៈលេខ ០១០ ៤៤៤៦១៦ . ០៨៨ ៧១៧ ៧០០០ តែលេខរបស់លោកអភិបាលស្រុកទាំងពីរខ្សែរនេះ ទាក់ទងមិនបានឡើយ ។
មហាជនសូមណូមពរទៅលោក ព្រហ្ម សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកចាត់វិធានការបង្រ្កាបបនល្បែងដុះស្លែរដែលបើកអោយជនជាតិខ្មែរចូលលេង យ៉ាងភ្លួកទឹក ភ្លួកដី មួយនេះផងទាន! ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឲ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសនោះ។
អង្គភាពយើងរង់ចាំមើលបនល្បែងមួយនេះ នៅតែបន្តបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងបន្តទៀតឬ យ៉ាងណា អង្គភាពយើងនឹងធ្វើព័ត៌មានវគ្គបន្តទៀត៕