ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ និងអាកាសធាតុអំណោយផល។ ទោះជាយ៉ាងណាប្រទេសនេះគឺនៅតែជាប្រទេសក្រីក្រមួយនៅក្នុងពិភពលោក។ សម្ដេចបានលើកឡើងពីបញ្ហាសំខាន់ពីរដែលធ្វើឲ្យកម្ពុជានៅតែមិនទាន់ដកខ្លួនពីប្រទេសក្រីក្របាន គឺដោយសារកំហុសផ្នែកនយោបាយពីអតីតកាល និងធនធានមនុស្ស។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោបានរំលឹកទៅកាន់ការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ១៩៧០ ដោយសេនាប្រមុខ លន់ នល់ ទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ចេញពីតំណែងបានទាញនៅកម្ពុជាធ្លាក់ចូលទៅក្នុងសង្គ្រាមនៅពេលនោះ។ សម្ដេចថា៖ «កំហុសខាងនយោបាយមួយនេះគឺធ្វើឲ្យប្រទេសដែលថយក្រោយខណៈពេលដែលប្រទេសដទៃដើរទៅមុខយើងដើរថយក្រោយ»។
សម្ដេចតេជោក៏បានលើកឡើងបន្ថែមថា បញ្ហាមួយទៀតគឺកម្ពុជាកង្វះធនធានមនុស្សដែលត្រូវបានបំផ្លាញដោយសម័យខ្មែរក្រហម និងសង្គ្រាម។ សម្ដេចបន្ថែមថា៖ «បើយើងធនធានមានធនធានធម្មជាតិយ៉ាងច្រើនសម្បូរបែបយ៉ាងដូច្នេះហេតុអីក៏យើងនៅតែក្រ? កំហុសខាងនយោបាយវាជាការចាប់ផ្ដើម។ ហើយកំហុសខាងនយោបាយនោះហើយ វាក៏រារាំងដល់ដំណើរការអភិវឌ្ឍន៍ធនធានមនុស្សតែម្ដង»។
សម្ដេចតេជោ បានលើកឡើងថាកម្ពុជាគួរតែមើលប្រទេសសាំងហ្គាពួរជាឧទាហរណ៍ ដោយសម្ដេចលើកឡើងថាប្រទេសសាំងហ្គាពួរពុំមានធនធានធម្មជាតិសូម្បីតែទឹកប្រើប្រាស់ផ្ទាល់ខ្លួន តែប្រទេសនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាប្រទេសមួយដែលមានចំណូលខ្ពស់នៅក្នុងពិភពលោក។
សម្ដេចតេជោបានលើកឡើងថា ចំណុចចំនួន៣ ដែលធ្វើឲ្យប្រទេសសាំងហ្គាពួរមានការអភិវឌ្ឍគឺពលរដ្ឋមានវិន័យ ប្រទេសមានស្ថេរភាព សន្តិភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស។
សម្ដេចតេជោថា បច្ចុប្បន្នកម្ពុជារក្សាបានស្ថេរភាព និងសន្តិភាពហើយនិងប្ដេជ្ញារក្សានៅស្ថេរភាពបែបនេះទៅមុខទៀត។ខណៈដែលសម្ដេចជំរុញឲ្យមានការពង្រឹងនៅគុណភាពអប់រំនៅក្នុងប្រទេសដើម្បីជំរុញឲ្យធនធានមនុស្សកាន់តែមានគុណភាព៕