កំពង់ចាម ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា(ស.ស.យ.ក) បានលើកឡើងថា ការចូលសកម្មភាពទាំងអស់របស់ ស.ស.យ.ក មិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃទៀតឱ្យមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនឱ្យតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។ ការលើកឡើងនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធផលនានារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម ដែលសម្រេចបាននូវសមិទ្ធផល ជាច្រើនក្នុងថ្ងៃនេះ ។
ឯកឧត្ដមបានបន្ថែមថា សមិទ្ធផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញឱ្យឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក ឱ្យកាន់តែល្អប្រសើរ ក្នុងសកម្មភាពការងារបម្រើឱ្យផលប្រយោជន៍ជាតិ និងសង្គម ថែមទៀតផងដែរ ៕