ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ បានត្អូញត្អែរថា រាល់ថ្ងៃនេះពួកគាត់រស់នៅប្រឈមការដីហុយធ្វើឱ្យប៉ះពាល់សុខភាព ហើយមួយវិញទៀតផ្លូវរងការខូចខាតពិបាកធ្វើដំណើរខ្លាំងណាស់ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធហាក់គ្មានអើពើជាមួយក្រុមរថយន្តដឹកខ្សាច់នេះទាល់តែសោះ។
ប្រជាពលរដ្ឋមានឈ្មោះ អែម សាយ ភេទប្រុស អាយុ៥៤ឆ្នាំ ឈ្មោះ ស៊ីម ដេ ភេទប្រុស អាយុ៤៥ឆ្នាំ ឈ្មោះ សូ ថា ភេទប្រុស អាយុ៦៤ឆ្នាំ និងឈ្មោះ លួង សៀន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននិយាយស្រដៀងគ្នាថា ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសព្វថ្ងៃនេះជួបបញ្ហាប្រឈមខ្លាំងដីហុយ ដោយសារតែក្រុមរថយន្តដឹកខ្សាច់ធំៗបើកឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ធ្វើឱ្យរំខានដល់ការរស់នៅ ជាពិសេសប៉ះពាល់ដល់សុខភាព ម្យ៉ាងវិញទៀត ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សសាលា កុមារតូចៗ។ មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកខ្សាច់ធំៗទាំងអស់នោះ បានបំផ្លាញផ្លូវថ្នល់មុខផ្ទះរបស់ពួកគាត់ស្ទើរតែទាំងស្រុងទៅហើយ បណ្តាលឱ្យដីហុយ និងជង្ហុកធំៗ។
ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ក្រុមរថយន្តធំៗដឹកខ្សាច់នេះ ដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃ ហើយតៃកុងរថយន្តបើកបរវិញមិនគិតពីសុខទុក្ខ និងការរំខានដល់ប្រជាពលរដ្ឋនោះទេ។ ការបើកបរក៏ដូចជាបំផ្លិចបំផ្លាញផ្លូវ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារនេះ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធផ្សេងៗ មិនដែលមកអើតឈ្ងោកម្តងណាឡើយ ហាក់បីដូចមិនយកចិត្តទុកដាក់អើពើទាល់តែសោះ។ ជាពិសេសនោះ គឺលោកអភិបាលស្រុកឱរ៉ាល់វ័យក្មេងប្រជាពលរដ្ឋមិនដែលឃើញមុខទាល់តែសោះ ខុសពីលោកមួង ធី អភិបាលស្រុកចាស់ ដែលតែងតែគិតគូរដោះស្រាយរាល់ដែលប្រជាពលរដ្ឋជួបបញ្ហានោះ។ កន្លងមកលោកមេភូមិ និងសមាជិកភូមិពោធិមាស ធ្លាប់សន្យាជាមួយប្រជាពលរដ្ឋថា មានក្រុមហ៊ុនបូមខ្សាច់ដឹកខ្សាច់ឆ្លងកាត់ភូមិយើង ហើយក្រុមហ៊ុនសន្យាថា ស្រោចទឹកមួយថ្ងៃ៣ដង ហើយបើផ្លូវរងការខូចខាត ខាងក្រុមហ៊ុនធ្វើការជួសជុល ប៉ុន្តែវាផ្ទុយស្រលះពីការសន្យានោះ។ រាល់ថ្ងៃរថយន្តធំៗដឹកខ្សាច់ឆ្លងកាត់ធ្វើឱ្យហុយ និងបំផ្លាញផ្លូវមុខផ្ទះប្រជាពលរដ្ឋក្នុងភូមិស្ទើរតែទាំងស្រុងទៅហើយ មិនដែលឃើញជួសជុល និងស្រោចទឹកលើផ្លូវនោះទេ។
ប្រជាពលរដ្ឋលើកឡើងថា ពេលដែលមានការអី ឬក៏ជិតបោះឆ្នោតទើបមាន វត្តមានអស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត មកលើកដៃសំពះសុំសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាកមិនឃើញមុខអស់លោកនោះទេ ឬមួយក៏អស់លោករវល់តែនៅក្នុងប៊ុយរ៉ូ ម៉ាស៊ីនត្រជាក់។
ជាចុងក្រោយប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់ក្រុមហ៊ុន រថយន្តធំៗដឹកខ្សាច់នោះ ធ្វើការស្រោចទឹក និងជួសជុលផ្លូវដែលរងការខូចខាតពិបាកធ្វើដំណើរ និងហុយរាល់ថ្ងៃនេះផង។
កន្លងមកលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា ទីតាំងជីកកាយរណ្តៅដី ឬបក បូមខ្សាច់ក្តី ប្រសិនបើការដឹកជញ្ជូនធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជំនាញនិងធ្វើការបិទអាជីវកម្មនោះភ្លាម។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅត្រួតពិនិត្យនៅចំណុចផ្លូវលំមួយខ្សែនេះដែលកំពុងរងការបំផ្លាញដោយក្រុមរថយន្តធំៗដឹកខ្សាច់ទាំងយប់ទាំងថ្ងៃនិងជាសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមហ៊ុនរថយន្តធំៗដឹកខ្សាច់បំផ្លាញផ្លូវរបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័ ជាពិសេសម្ចាស់ក្រុមហ៊ុនរថយន្តដឹកខ្សាច់ជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕