ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ត្រូវគេអះអាងថា បានបំផ្ទុះគ្រាប់បែកធ្វើអ.ត្ត.ឃា.តខ្លួនឯង ដែលគេសង្ស័យអាចផ្ដើមចេញពីរឿង «ស្នេហាត្រីកោណ» នៅលើទូកស្មាច់តូចមួយ ពន្លិចក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណ «វិមានរំលឹកគុណវរយុទ្ធជនពលី ឬវិមានសព» នៅក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយពុំមាននរណាម្នាក់បានដឹងភ្លាមៗឡើយ ក្រៅតែពីឮសម្លេងផ្ទុះលាន់កក្រើករាត្រី តែគេបានដឹងក្រោយពីគេប្រទះឃើញសា.ក.ស.ពបានអណ្ដែតឡើងនៅព្រឹកថ្ងៃទី០៧ កុម្ភៈ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យសា.ក.ស.ព ។
បើតាមសមត្ថកិច្ចដែលបានស្រង់សំដីសាក្សីបានប្រាប់ថា ហេតុការណ៏ដ៏រ.ន្ធ.ត់នេះ បានកើតកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៥ កុម្ភៈ ក្រោយជនរងគ្រោះបានបញ្ចប់ការផឹកស៊ីជាមួយមនុស្សប៉ុន្មាននាក់ដែលស្នាក់នៅក្នុង«វិមានស.ព»នោះ។ សាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា គេឮតែសម្លេងផ្ទុះលាន់កក្រើករាត្រីនៅយប់កើតហេតុនោះ តែពេលគេទៅរកមើលចំណុចកើតហេតុ ពុំឃើញមានអ្វីឡើយ ។ ព្រោះពេលបំផ្ទុះគ្រាប់បែក ជនរងគ្រោះបានជិះលើទូកស្មាច់តូចមួយបណ្ដែតក្នុងស្រះ ហើយពេលផ្ទុះក៏បានលិចទាំងទូក ទាំងមនុស្សទៅក្នុងទឹក ទើបគេរកមិនឃើញអ្វី ហើយក៏ស្ងាត់ឈឹងរហូតមក។ សូម្បីមន្ត្រីនគរបាលប៉ុស្ដិ៍ព្រែកព្រះស្ដេច ដែលស្ថិតខាងត្បូងចំណុចកើតហេតុ ប្រហែល៣០០ម៉ែត្រក៏មិនដឹង មិនឮសម្លេងផ្ទុះដែរ ។
សមត្ថកិច្ចបានធ្វើការសួរនាំអ្នកប្រទះឃើញសា.ក.ស.ពនោះ និងមនុស្សមួយចំនួនទៀត ដែលស្នាក់នៅក្នុង«វិមានស.ព» ទើបគេស្កាល់ថា សា.ក.ស.ពដែលអណ្ដែតទឹកនោះឈ្មោះ ចិន ធុរ៉េន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល និងជាបុគ្គលិកបំរើការក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្រុងប៉ោយប៉ែត ។ សា.ក.ស.ពបុរសនេះមានសភាពធំក្លិនបន្តិចទៅហើយ ត្រូវគេប្រទះឃើញអណ្ដែតក្នុងទឹកស្រះនៅក្នុងបរិវេណ «វិមានរំលឹកគុណវរយុទ្ធជនពលី ឬវិមានស.ព» ។
លុះនៅព្រឹកថ្ងៃទី ០៧ កុម្ភៈ ទើបមានការភ្ញាក់ផ្អើល ក្រោយពីប្រទះឃើញសា.ក.ស.ពអណ្ដែតឡើង ។ ជុំវិញព័ត៏មានដែលគេអះអាងថា ជនរងគ្រោះបានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង បើតាមប្រភពជាច្រើនដែលកោះសន្តិភាពទទួលបាននៅកន្លែងកើតហេតុ ទាំងមន្ត្រីជំនាញ ទាំងសាក្សីនានា បានបំភ្លឺប្រហាក់ប្រហែលគ្នាអំពីហេតុការណ៏ខាងលើនេះ ក្នុងនោះ ក៏មានការបំភ្លឺពីសាច់ញាតិជនរងគ្រោះផងដែរ ។ គេបានទម្លាយអំពីប្រវត្តិខ្លះៗ ដែលនាំឲ្យជនរងគ្រោះសម្រេចធ្វើអ.ត្ត.ឃា.តតាមរយៈការប្រើប្រាស់គ្រា.ប់បែកដៃបញ្ចប់ជីវិតខ្លួនឯង ។
ជនរងគ្រោះឈ្មោះ ចិន ធុរ៉េន ជាបុរសពោះម៉ាយកូន០១ និងជាបុគ្គលិកបំរើការនៅក្នុងភោជនីយដ្ឋានមួយនៅក្រុងប៉ោយប៉ែត។ ក្រោយបែកបាក់គ្រួសារ បុរសពោះម៉ាយវ័យ២៣ឆ្នាំរូបនេះ បានទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅជាមួយនារីម្នាក់ឈ្មោះដាវ៉ាន់ អាយុប្រហែល២៥ឆ្នាំ មានកូន០២នាក់។ នេះជាការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ ។ ហើយការទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមនេះក៏បានកើតឡើងនៅក្នុងអំឡុងពេលដែលស្វាមីរបស់នាងដាវ៉ាន់ កំពុងជាប់ពន្ធនាគារ។ ហើយក៏ស្ថិតនៅក្នុងអំឡុងពេលដែលនាងដាវ៉ាន់នេះ ធ្វើការនៅក្នុងភោជនីយដ្ឋានជាមួយគ្នានឹងជនរងគ្រោះដែរ ។
ព័ត៌មានដែលសមត្ថកិច្ចស្រង់ពីសាច់ញាតិ ស្នេហាហេងស៊យរវាងបុរសពោះម៉ាយ ធុរ៉េន និង នាងដាវ៉ាន់ ផ្អែមល្ហែមយ៉ាងស៊ីជម្រៅអស់រយៈពេលប្រហែលជាងមួយឆ្នាំកន្លងមកហើយ។ ប៉ុន្តែស្រាប់តែរយៈថ្មីៗនេះ ប្ដីរបស់នាងដាវ៉ាន់ ត្រូវបានដោះលែងចេញពីពន្ធនាគារវិញ ហើយបុរសនេះក៏ត្រឡប់ទៅរួមរស់ជាមួយប្រពន្ធកូនខ្លួនវិញដែលប្រៀបបាននឹងកាំ.បិ.តពុះញែកចែកស្នេហាតួអង្គទាំង០២នេះ ឲ្យបែកបាក់គ្នាត្រឹមមួយប៉ព្រិចភ្នែក ខណៈពួកគេបាននិងកំពុង តែនៅផ្អែមល្ហែមជាមួយគ្នា ។ ធ្វើឲ្យបេះដូងបុរសពោះម៉ាយដ៏កំសត់ ត្រូវខ្ទេចខ្ទាំហ្មត់សារជាថ្មីម្ដងទៀត។
នេះជាដើមចម ដែលនាំឲ្យបុរសពោះម៉ាយកូន០១ ចិន ធុរ៉េន ឈឺចាប់ខ្លាំងក្រៃរហូតសម្រេចស្វែងរកគ្រាប់បែកដៃ យកមកប្រល័យសង្វារខ្លួនឯងដោយគ្មានស្រណោះ បន្សល់ទុកតែបណ្ដាំប៉ុន្មានឃ្លានៅលើក្រដាសពណ៌លឿង ។ សមត្ថកិច្ចបាននិយាយថា ក្រោយពីដឹងថា នាងដាវ៉ាន់ បានជួបជុំរួមរស់ជាមួយស្វាមីនាងវិញ ជនរងគ្រោះហាក់ខូចចិត្តយ៉ាងខ្លាំង ។ គេសង្កេតឃើញប៉ុន្មានថ្ងៃ មុនកើតហេតុ ជនរងគ្រោះបានទៅជួបក្រុមគ្រួសារនាង ដែលស្នាក់នៅក្នុង«វិមានស.ព» ក្នុងបំណងសួរនាំរឿងនាងដាវ៉ាន់ផង និងបានជួបជុំផឹកស៊ីជាមួយសាច់ញាតិនាងផង ។
សមត្ថកិច្ចដែលបានសួរនាំសាច់ញាតិភាគីខាងស្រីបានបញ្ជាក់ថា នៅយប់កើតហេតុ ជនរងគ្រោះបានផឹកស៊ីជុំគ្នានៅទីនោះជាមួយសាច់ញាតិរបស់នាងរហូតដល់ម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៥ កុម្ភៈ ក៏នាំគ្នាសម្រាក។ ប៉ុន្តែប្រហែលកន្លះម៉ោងក្រោយ ស្រាប់តែឮស្នូរផ្ទុះដ៏កក្រើករាត្រី ។ អ្នកនៅទីនោះធំក្លិនឈ្ងៀមផ្សែង ហើយបាននាំគ្នាទៅរកមើលប្រភពនៃចំណុចផ្ទុះ តែពុំមានឃើញអ្វីឡើយ។
នៅព្រឹកថ្ងៃដដែល គេក៏ប្រទះឃើញទូកស្មាច់ទូចមួយក្រឡាប់អណ្ដែតនៅក្នុងស្រះ ដែលមានស្នាមធ្លុះធ្លាយ តែគេនៅតែពុំបានចាប់អារម្មណ៍ទៀត។ លុះនៅព្រឹកថ្ងៃទី ០៦ កុម្ភៈ ស្រាប់តែគេប្រទះឃើញស្រមោលខ្មៅបានអណ្ដែតឡើង គេក៏ដើរទៅមើលក៏មានការភ្ញាក់ផ្អើលឡើង ដោយសារតែស្រមោលខ្មៅនោះជាសា.ក.ស.ពបុរសពោះម៉ាយ ចិន ធុរ៉េន ទើបគេរាយការណ៏ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៏តែម្ដង ។
មន្ត្រីបច្ចេកទេសដែលបានពិនិត្យសា.ក.ស.ពបាននិយាយដែរថា សា.ក.ស.ពមានស្នាមរបួសសុះសាច់នៅផ្នែកខាងស្ដាំទាំងដៃទាំងជើង រីឯទូកស្មាច់មានស្នាមធ្លុះធ្លាយ ។ នៅក្បែរម៉ាត់ស្រះទឹក គេរកឃើញបំណែកគ្រាប់បែកមួយចំនួន និងស្លាបព្រា(កន្លះ)គ្រាប់បែកផង ដែលគេសន្និដ្ឋានបឋមថា អាចជាគ្រាប់បែកប្រភេទក្រឡាទៀប ហើយជនរងគ្រោះបានប្រើប្រាស់គ្រាប់បែកនេះបំផ្ទុះ ដើម្បីធ្វើអ.ត្ត.ឃា.ត.ខ្លួនឯង ។
ដោយឡែក យើងងាកទៅអានបណ្ដាំប៉ុន្មានឃ្លាដែលជនរងគ្រោះបានបន្សល់ទុកនៅលើក្រដាស់ពណ៌លឿងប៉ុន្មានសន្លឹក ដែលមានភ្ជាប់ជាមួយនូវលេខទូរស័ព្ទជាច្រើនខ្សែផង ។ មនុស្សទូទៅហាក់ចាប់អារម្មណ៍ខ្លាំងទៅលើបណ្ដាំប៉ុន្មានពាក្យប៉ុណ្ណោះ ដែលអានហើយគួឲ្យស្រណោះនិងរន្ធត់ចិត្តបំផុត «ខ្ញុំចាញ់គ្រប់យ៉ាង ខ្ញុំហត់នឿយ ខ្ញុំសុំទោសចេញទៅអត់បានលា» ។
រីឯមួយឃ្លាទៀត ដែលមានភ្ជាប់លេខទូរស័ព្ទចំនួន០២ខ្សែ ដែលមួយខ្សែអាចជាលេខរបស់នាងដាវ៉ាន់ផង «អរគុណពីមុនធ្វើល្អដាក់ខ្ញុំ លេខ០៩៦….. ដាវ៉ាន សង្ឃឹមថាអ្នកបានសុខ»។ នៅមានបណ្ដាំជាច្រើនទៀត ដែលបុរសពោះម៉ាយក៏កំសត់បានផ្ដាំផ្ញើទៅកាន់ក្រុមគ្រួសារមុនពេលបញ្ចប់ជីវិត ។ កាន់តែរន្ធត់ និងសោកសង្រែងបំផុត ចំពោះបណ្ដាំចុងក្រោយ ដែលជនរងគ្រោះបានផ្ដែផ្ដាំឲ្យបងប្អូនជួយមើលថែកូនខ្លួន ក្នុងន័យដើម «ចែឡា បងដំ ចែង៉ា ផ្ញើមើលកូនខ្ញុំផង កុំឲ្យវាល្ងង់ដូចខ្ញុំ ម៉ាក់ប៉ាកូនសុំទោស» ។
ទោះយ៉ាងណាក្ដី មន្ត្រីជំនាញបានប្រមូលវត្ថុតាងមួយចំនួនយកទៅរក្សាទុក ក្រោយបញ្ចប់ការត្រូតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសា.ក.ស.ព។ មន្ត្រីជំនាញបានធ្វើការសន្និដ្ឋានជាបឋមនៅកន្លែងកើតហេតុថា ជនរងគ្រោះបានធ្វើ«អត្ត.ឃា.តខ្លួន ដោយបំផ្ទុះគ្រាប់បែក»។ ប៉ុន្តែមន្ត្រីជំនាញព្រហ្មទណ្ឌនៅតែបន្តការសួរនាំមនុស្សមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង«ស្នេហាត្រីកោណ»នេះនៅឡើយទេ ។