ខេត្តកំពង់ស្ពឺ÷ ស្ថានីយ៍ជញ្ជីងថ្លឹងរយន្ត ផ្លូវជាតិលេខបួន(៤) នៅក្រុងច្បារមន កំពុងតែមមាញឹកក្នុងការប្រមូលលុយដាក់ហោប៉ៅ ខណៈរថយន្តដឹកទំនិញតូចធំឆ្លងកាត់ស្ថានីយជញ្ជីងនេះ ដោយមានរថយន្តឡើងលើជញ្ជីងថ្លឹង ទោះបីជាលើកទម្ងន់ឬមិនលើកទម្ងន់ តៃកុងរថយន្តនៅតែចុះទៅបង់លុយអោយខាងស្ថានីយ៍ជញ្ជីងជាបន្តបន្ទាប់។
ប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីញថ្លឹងរថយន្តផ្លូវជាតិលេខ០៤ ស្ថិរនៅក្នុងភូមិត្រពាំងព្រះ ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយកឈ្មោះលោក ស៊ូ សុន្ធរា៉ មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។ ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត១កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តចុះពីលើរថយន្តដើរទៅបង់លុយតាមការកំណត់។
ប្រភពពីមន្រ្តីអត់លិតនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទេ នោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត កណ្តោលដុំ ផ្លូវជាតិលេខ០៤ មិនហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តនោះទេ។
ជុំវិញនិងការចុះផ្សាយខាងលើនេះដែរ អង្គភាពយើងមិនអាចសុំការបំភ្លឺពីរលោក ស៊ូ សុន្ធរា៉ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបានទេ ព្រោះគ្មានលេខទំនាក់ទំនង ចំណែកលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថន្ត កណ្តោលដុំ អង្គភាពយើងសុំកាស្រាយបំភ្លឺតាមរយះប្រពន្ធ័តេឡេក្រាម លោកឆ្លើយមកវិញថា(មកជួបខ្ញុំចាំខ្ញុំពន្យល់អោយលំអិតពីលក្ខណៈបច្ចេកទេស អរគុណ)។
មហាជនក៏ដូចប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននឹង លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មេត្តាចាត់មន្ត្រីស្អាតស្អំចុះមកឃ្លាំមើលនិងត្រួតពិនិត្យមើលពីរសកម្មភាពប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធជាពិសេសលោកប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកណ្តោលដុំ ជានិច្ចរៀងរាល់ម៉ោងធ្វើការដោយយោងច្បាប់របបសារព័ត៌មាន៕