ខេត្តបាត់ដំបង៖ ជនរងគ្រោះនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបម៉ាកតូយ៉ូតារ៉េវ៉ូ បើកវ៉ាជែងគេឯងជ្រុលទៅបុកម៉ូតូសង់របស់ជនរងគ្រោះបណ្តាលឱ្យម្ចាស់រងរបួសបាក់ដៃខាងឆ្វេង និងជើងខាងឆ្វេង ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលភ្លាមៗ រហូតមកដល់ពេលនេះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយនោះទេ ដង្ហើយរកយុត្តិធម៌ទៅដល់ អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយផង។
បើតាមការបញ្ជាក់ពី សមត្ថកិច្ចជំនាញថា
ម្ចាស់រថយន្តបង្កហេតុមានឈ្មោះ ហៀង ប៊ុនហួត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានធ្វើការគេចវេសមិនព្រមចូលខ្លួនដោះស្រាយ ដោយយករថយន្តបង្ករហេតុ ចេញពីកន្លែងកើតហេតុ ទៅជួសជុលដើម្បីបំបាត់ភស្តុតាង ដោយមិនមានការយល់ព្រមពីជនរងគ្រោះក្នុងការដោះស្រាយ និងបញ្ចប់បញ្ហាជាមុនសិននោះទេ។ រួចហើយម្ចាស់រថយន្តដែលបានជួសជុលរថយន្តនោះរួចក៏បានជិះរថយន្តនោះរត់គេចខ្លួនទៅរាជធានីភ្នំពេញបាត់។ ដោយទុកឲ្យអ្នកតំណាងមិនដឹងរឿងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ នៅដោះស្រាយ ជាមួយជនរងគ្រោះនិងសមត្ថកិច្ចទៅវិញ។ អ្នកតំណាងនោះក៏បានជួបជាមួយ ជនរងគ្រោះតែមិនមានការដោះស្រាយត្រឹមត្រូវ គ្នានោះទេ ដោយភាគីជនរងគ្រោះ បាក់ដៃឆ្វេង បាក់ជើងឆ្វេង សង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ម៉ូតូរងការខូចខាតទៀត ជនរងគ្រោះ ទាមទារសំណងនិងថ្លៃព្យាបាលត្រឹមតែ២០០០ដុល្លារ(ពីរពាន់ដុល្លារអាមេរិក)តែប៉ុណ្ណោះ ប៉ុន្តែភាគីតំណាងរថយន្តបង្កហេតុមិនសងនោះទេ។ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនទាន់បានដោះស្រាយនូវអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌលផង ក៏បានធ្វើសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីដោះស្រាយនិងរក្សាទុក្ខវត្ថុតាង តែវត្ថុតាងបាននៅសល់តែម៉ូតូមួយគ្រឿងចំណែក ឯរថយន្តត្រូវបានម្ចាស់និងអ្នកមាន លុយនិងមានអំណាច យកទៅជួសជុលដោយមិនមានការផ្ដល់ដំណឹងឲ្យជនរងគ្រោះដឹងជាមុននោះឡើយ តើទង្វើររបស់ម្ចាស់រថយន្តបង្កហេតុធ្វើត្រឹមត្រូវដែរឬទេ.? សូមអស់លោកសមត្ថកិច្ចជំនាញជួយពិនិត្យ និងពន្យល់ផងទាន.!។
មជ្ឈដ្ឋានប្រជាពលរដ្ឋ លើកឡើងថាករណីចរាចរណ៍ខាងលើនេះគឺរថយន្តបង្កហេតុជាអ្នកខុស បើកលឿនវ៉ាជែងគេឯងទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួស បាក់ដៃជើង មិនទៅសួរនាំ បែរជាគេចវេសមិនចូលខ្លួនដោះស្រាយ ហើយថែមទាំងយករថយន្តចេញពីកន្លែងដោះស្រាយ មិនទាន់សម្របសម្រួលជាមួយជនរងគ្រោះទៀត សង្ស័យម្ចាស់ឡានមានខ្នងខ្សែរអ្នកធំៗនៅក្នុងខេត្ត និងក្នុងប្រទេសកម្ពុជាហើយមើលទៅទើប ហ៊ានទៅយកឡានចេញទៅជួសជុល ហើយបើករត់គេចទៅភ្នំពេញបាត់យ៉ាងដូច្នេះទៅវិញ ប្រទេសមានច្បាប់គ្រួសារមានវិន័យ ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចជំនាញនឹងធ្វើការដោះស្រាយ និងជួយរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ក្នុងពេលឆាប់ៗនេះផង។
ជាចុងក្រោយជនរងគ្រោះម្ចាស់ម៉ូតូធ្វើការសំណូមពរដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធមានលោកស្នងការរងទទួលផែនចរាចរណ៍ខេត្តបាត់ដំបង និងលោកស្នងការនគរបាលខេត្តជួយអន្តរាគមន៍ដោះស្រាយករណីនេះ និងជួយរកយុត្តិធម៌ដល់ជនរងគ្រោះ គ្រោះផងទាន.!។
សូមរំលឹកផងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។រថយន្តម៉ាកតូយ៉ូតារ៉េវ៉ូ ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG.6808 បើកបរដោយឈ្មោះ ហៀង ប៊ុនហួត អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកបរតាមផ្លូវក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះបើកបរមកដល់ចំណុចកើតហេតុខាងលើរថយន្តបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ព៌ណក្រហមពាក់ស្លាកលេខបាត់ដំបង1M.2665 ដែលបើកបរដោយឈ្មោះ ព្រំ បណ្តូល ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង និងបាក់ជើងខាងឆ្វេង ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕