កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវបណ្តោយជាតិលេខ៤ ម្តុំផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ដោយសារតែទង្វើររបស់លោក ប្រធានផ្សារសាមគ្គី ដែលយកចិញ្ចើមផ្លូវសាធារណ:ធ្វើអាជីវកម្ម ធ្វើជាចំណតផ្ញើកង់ ម៉ូតូ ពួកគាត់ធ្វើការសំណូមពរដល់លោក មុត ភន អភិបាលស្រុកសំរោងទង ជួយពិនិត្យមើលផង។
បើតាមការលើកឡើងរបស់អ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋថា ការយកចិញ្ចើមផ្លូវសាធារណៈ(ផ្លូវជាតិលេខ៤) ធ្វើអាជីវកម្មលក់ដូរ និងធ្វើជាចំណតផ្ញើកង់ ម៉ូតូនេះកើតមានជាយូរណាស់មកហើយ បើទោះបីជាមានការរាយណ៍ការទៅថ្នាក់លើក៏ដោយ ក៏គ្មានវិធានការទប់ស្កាត់ឬក៏ផ្អាកសកម្មភាពមិនឱ្យលក់ដូរ និងចតម៉ូតូ រថយន្ត បានដែរ។
ប្រជាពលរដ្ឋបានបន្តទៀតថា បានជាអ្នកលក់ដូរ ខាងមុខផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង)បានសង្ស័យលោកប្រធានផ្សារ យកផ្លូវសាធារណៈនេះ ជួលទៅអ្នកផ្សេង យកទៅ ធ្វើជាកន្លែងផ្ញើ កង់ ម៉ូតូ និងឲ្យអាជីវករដាក់លក់ដូរយ៉ាងអាណាធិបតេយ្យបណ្ដាលឲ្យមានការកកស្ទះពិបាកធ្វើដំណើរខ្លាំងណាស់។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការទទួលផ្ញើម៉ូតូនោះគឺកំណត់ឲ្យយកម៉ូតូមួយតម្លៃ ១០០០រៀល ទោះផ្ញើ ១ម៉ោង ឬ២ម៉ោង ក៏ដោយ ពួកគាត់បានឲ្យដឹងទៀតថា បើទោះបីកន្លែងផ្ញើកង់ ម៉ូតូ បានចតហ៊ាមកដល់កណ្ដាលផ្លូវជាតិក៏ដោយ ក៏ក្រុមអ្នកទទួលផ្ញើរកង់ ម៉ូតូនោះ មិនខ្វល់ពីការកក់ស្ទះ ឬប៉ះពាល់ដល់អ្នកធ្វើដំដំណើរនោះដែរ។
ប្រជាពលរដ្ឋបានបន្ថែមទៀតថា ជារៀងរាល់យប់ថ្ងៃអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរិះគន់ចំៗថា អាជ្ញាធរស្រុកសំរោងទង មិនគួរណាបណ្ដែតបណ្ដោយឲ្យលោកប្រធានផ្សារសាមគ្គី យកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងអាជីវកម្មផ្ញើ កង់ ម៉ូតូ និងឱ្យអាជីវករដាក់លក់ដូរធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់មហាជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដោយហេតុថា ធ្វើឱ្យចរាចរណ៍មានការកកស្ទះតាមដងផ្លូវសារធារណៈ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនអាចកែសម្រួលឲ្យមានរបៀបរៀបរយនឹងសណ្ដាប់ធ្នាប់នោះទេ។មិនថាពេលយប់ឬពេលថ្ងៃ កកស្ទះរាប់ម៉ោង ផ្លូវជាតិលេខ៤នេះ ជាផ្លូវសម្រាប់ទេសចរណ៍បរទេសឆ្លងកាត់ និងថ្នាក់ដឹកនាំឆ្លងកាត់ ទៅកាន់ព្រលានយន្តហោះ និងធ្វើដំណើរទៅទេសចរណ៍នៅខេត្តព្រះសីហនុ កោះកុង ឬខេត្ត ដែលមានតំបន់ទេសចរណ៍ផងដែរ។
ទាំងនេះជាការលើកឡើងរបស់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋតែប៉ុណ្ណោះ ដោយឡែកអង្គភាពសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីលោកប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ខាងលើនេះបានទេ ពាក់ព័ន្ធនឹងអាជីវករយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មដាក់លក់និងសាងបន្លែផ្លែឈើ និងធ្វើជាចំណតផ្ញើរកង់ ម៉ូតូ បង្ករឲ្យមានការកក់ស្ទះ រហូតមកដល់ម៉ោងចេញនេះ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយេីងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពសង្គម ផ្សាយចេញនូវព័ត៌មានពិត ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពុំបានមូលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ អាជ្ញាធរមូលដ្ឋាន ឬបុគ្គលណាម្នាក់នោះឡើយ។
តែទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្សារសាមគ្គីនេះ ធ្វើការសំណូមពរដល់លោក មុត ភន អភិបាលស្រុកសំរោងទង និងជាពិសេស ឯកឧត្តមបណ្ឌិ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យមើលទង្វើររបស់លោកប្រធានផ្សារសាមគ្គី (ហៅផ្សារថ្នល់ទទឹង) ផងទាន បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាកកស្ទះចរាចរណ៍រាល់ថ្ងៃជាក់ជាមិនខានឡើយ៕