កំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក កុយ រ៉ាគ្រី ប្រធានក្រុមប្រឹក្សាស្រុក និង លោក មួង ធី អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីលោក អធិការ អធិការរងស្រុក ផ្នែកសឹករងស្រុក និងលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកមួយចំនួនទៀតផងដែរ ដែលកម្មវិធីនេះប្រព្រឹត្តនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ។
ដោយតែងតាំង លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ជំនួស លោកវរសេនីយ៍ត្រី អ៊ុក ភឿន មេបញ្ជាការ មូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ចាស់ ដែលត្រូវបានផ្លាស់ប្តូរកាន់តំណែងថ្មី។
ថ្លែងក្នុងអង្គពិធីនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង នឹងអគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិកអង្គពិធីទាំងមូលដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ព្រមទាំងបានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ ។