កំពង់ស្ពឺ÷ នៅមុខសិស្សានុសិស្សប្រមាណជា ២០០ នាក់ តំណាងសិស្សានុសិស្សចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ តាមថ្នាក់នីមួយៗ នៃវិទ្យាល័យកំពង់ស្ពឺ នាថ្ងៃបើកបវេសនកាល ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរម្លឹកថា÷ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ ដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្តោតលើ ១).ការអនុវត្តវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ២).ការរៀបចំហេដ្ឋា- រចនាសម្ព័ន្ធ អនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន ៣).ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និង ៤).ការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់ កាល។ វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្ស និស្សិតនៅគ្រប់ភូមិសិក្សានៅតែបន្តទទួលបានសេវាអប់រំតាមរូបភាព “ការអប់រំតាមបែបចម្រុះ” មានន័យថា សិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផង ជាពិសេសក្រសួងអប់រំយុវជន និងកីឡាបានខិតខំជំរុញការអប់រំតាមបែបឌីជីថល ឬការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេប ដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ដូចជាការរៀបចំផលិត និងផ្សព្វផ្សាយ វីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី “ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈភិបាលខេត្តបានបន្តទៀតថា÷ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ នេះហើយ ដែល ប្អូនៗក្មួយៗជាសិស្សានុសិស្ស ទន្ទឹងរង់ចាំ ដើម្បីចូលរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូអ្នក គ្រូ សម្រាប់ធ្វើដើមទុនទុកក្នុងការបន្តសិក្សាឈានទៅដល់ឧត្តមសិក្សា ឬជាចំណេះជាប់នឹងប្រាណសម្រាប់បុគ្គលគ្រប់រូប ពិសេសក្មួយៗជាសិស្សានុសិស្ស ដែលត្រូវខិតខំហាត់ពត់លត់ដំខ្លួន និងសិក្សាស្រាវជ្រាវស្វែងយល់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍន៍ និងមុខមាត់សង្គមគ្រួសាររបស់ក្មួយៗផ្ទាល់តែម្ដង។ អំណេះតទៅសូមឲ្យក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជា
សសរស្ដម្ភ សម្រាប់ទ្រទ្រង់ប្រទេសជាតិ។
លោក អេង សាវុធ នាយកសាលាវិទ្យាល័យកំពង់ស្ពឺ បានរបាយការណ៍សង្ខេបជូនគណៈអធិបតីនិងភ្ញៀវចូលរួមឲ្យបានជ្រាបថា÷ លោក នឹងខិតខំអប់រំទូន្មាន និងធ្វើផែនការសិក្សា យ៉ាងធ្វើយ៉ាងណាឱ្យសិស្សានុសិស្សគ្រប់រូបទទួលបាននូវ ចំណេះដឹងឱ្យបានទូលំទូលាយតាមរយៈលោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់ និងលោកគ្រូ អ្នកគ្រូ តាមមុខវិជ្ជានីមួយៗ ពិសេសអនុវត្ត តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ ហើយលោកនាយកក៏បានប្រាជ្ញាចិត្តខិតខំអភិវឌ្ឍសាលារៀនឱ្យសាកសមជាថ្នល់ ទទួលបាននូវពុទ្ធិ ទៅដល់មនុស្សជំនាន់ក្រោយៗទៀត។
បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា÷ ខេត្តកំពង់ស្ពឺមានមតេយ្យសិក្សារដ្ឋមានចំនួន ២០៩ សាលា បឋមសិក្សាមានចំនួន ៣១៤ សាលា អនុវិទ្យាល័យមាន ៧២ សាលា -វិទ្យាល័យមានចំនួន ២៥ សាលា។ សិស្សសរុបមាន ១៦ ៨៩៣៨ នាក់ក្នុងនោះមានស្រី ៨៣ ៩៥០នាក់ សិស្សថ្នាក់ទី ១២ មានចំនួន ៤ ៤៣៦ នាក់ ស្រីមាន ២ ៣៣៤នាក់៕