ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងឆ្នាំនេះ សម្តេចមិនមាន គម្រោងលុបចោលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចឆ្នាំមុននោះទេ ព្រោះពេលនេះសភាពការណ៍អាចគ្រប់គ្រងបានហើយ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។
ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលធ្វើឡើងនៅខណ្ឌ ជ្រោយចង្វារ រាជធានីរាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុមិនឲមានការចូលរួម និងឈប់សម្រាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំទៅ ដោយមូលហេតុ មានពលករមកពីប្រទេសថៃសម្រុកចូលមកកម្ពុជាចំនួន១២ម៉ឺននាក់ ដោយមិនដឹងថា អ្នកណាមានជំងឺកូវីដ១៩ ឬអត់នោះទេ ។ កាលពីឆ្នាំមុន ពិធីបុណ្យចូលឆ្នាំនៅតែបុណ្យចូលឆ្នាំដដែល ប៉ុន្តែត្រូវផ្អាកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំរយះពេល៣ថ្ងៃ ដោយត្រូវសងវិញចំនួន៥ថ្ងៃក្រោយពី ជំងឺកូវីដ១៩ បានស្ងាត់ ។
សម្តេចតេជោក៏បានបង្ហាញពីមូលហេតុដែលសម្ដេចមិនមានគម្រោងបិទផ្អាកបុណ្យចូលឆ្នាំខ្មែរ ដោយសារឆ្នាំនេះ មានការគ្រប់បគ្រងបងប្អូនពលករមកពីប្រទេសថៃបានច្បាស់លាស់ និងបានដាក់ឱ្យធ្វើចត្តាឡីស័កត្រឹមត្រូវ។
តែទោះបីយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការសម្រាប់នៅថ្ងៃខាងមុខផងដែរថា បើសិនមានការផ្ទូះជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ អាចនឹងមានវិធានការផ្សេង។ ប៉ុន្តែសម្តេចតេជោធានាថា ចំពោះច្បាប់ក្នុងគ្រាមានអាសន្នមិនត្រូវបានដាក់ឱ្យប្រើនោះទេ ត្រូវប្រុងប្រយ័ត្នជានិច្ច។
សម្ដេចតេជោថ្លែងបញ្ជាក់ថា “ខ្លួនយើងក៏មិនដឹងថាមានជំងឺកូវីដ១៩ឬអត់ហើយអ្នកដទៃក៏គេមិនដឹងថាមានវា ឬអត់ វាស្ថិតនៅក្នុងកន្លែងនឹងជាការលំបាករបស់វា”៕
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងរយៈពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលប្រកាសថា គ្មានគម្រោងលុបចោល ដូចឆ្នាំមុននោះទេ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ