ក្នុងពិធីប្រគល់រថយន្ត្ត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្តFord មានចំនួន៥០គ្រឿង ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩។ ក្នុងនោះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ០៣គ្រឿង,ព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង។
សម្ដេចក្រឡាហោម បានរំលឹកថាកន្លងមក ក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើយដល់បណ្ដាស្នងការដ្ឋាន អធិការដ្ឋាន និងវរៈការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំណែកមួយនៃថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់មកក្រសួងមហាផ្ទៃ។
សម្ដេចបន្តថាកន្លងមកថវិកាសន្សំនេះ បានប្រើប្រាស់សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាល រហូតមកដល់ពេលនេះ ធ្វើឱ្យសាលានគរបាលគ្រប់ភូមិភាគនៅកម្ពុជា កាន់តែមានសមត្ថភាព និងគុណភាពក្នុងការបណ្ដុះបណ្ដាលនគរបាល រហូតឈានទៅកាត់បន្ថយការបញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់។
សម្ដេចបានមានប្រសាសន៍ថានៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជាទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេសសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។
សម្ដេចក៏បានសង្កត់ធ្ងន់ដែរថារថយន្តទាំងនេះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោងប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផលប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើស។
នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានផ្ដល់អនុសាសន៍ណែនាំឱ្យកម្លាំងនគរបាលគ្រប់អធិការដ្ឋាន ត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងសហការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អប្រសើរ៕