កំពង់ស្ពឺ÷ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញទទួលដោយផ្ទាល់សម្រាប់ការវិលនិវត្តន៍មកកាន់ស្រុកកំណើតវិញរបស់បងប្អូនដែលជាពលករចំណាកស្រុក។ ការអញ្ជើញទទួលបានធ្វើឡើងក្រោយការបញ្ជូនតាមរយៈរថយន្តយោធានៅយប់ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នៅមណ្ឌលចត្តាឡីសក័ស្ថិតក្នុងភូមិផ្គង់សង្កាត់និងក្រុងច្បារមន។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង បានអោយដឹងថា
ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមក៏បានដឹកនាំក្រុមការងារនិងក្រុមគ្រូពេទ្យដើម្បីរៀបចំទទួលការវិលនិវត្តន៍មកកាន់ស្រុកកំណើតរបស់បងប្អូនពលករដែលត្រូវបញ្ជូនចេញពីតាមបណ្តាមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ឯកឧត្តមអភិបាលបន្តថាចំពោះបងប្អូនដែលត្រូវវិលមកកាន់ស្រុកកំណើតវិញនេះគឺធ្វើដំណើរតាមរថយន្តកងយោធពលខេមរៈភូមិន្ទ ចេញពីខេត្តជាប់ព្រំដែនជាប់នឹងប្រទេសថៃ មានខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សម្រាប់ការបញ្ជូនមកកាន់ខេត្តកំពង់ស្ពឺក្នុងយប់នេះគឺមានបងប្អូនពលករប្រុស-ស្រីចំនួន ៩៨ នាក់ ។
ជាមួយនោះ ឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទគឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ រៀងរហូតមក។ មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀតផង។
លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ចំពោះបងប្អូនពលករទាំងអស់ដែលបានវិលនិវត្តន៍ក្នុងឱកាសនេះគឺមួយចំនួនធំសុទ្ធតែទទួលបានការធ្វើចត្តាឡីសក័ និងយកសំណាករួចហើយនៅតាមមណ្ឌលនានានៃខេត្តជាប់ព្រំដែនខាងលើ។ប៉ុន្តែដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩នេះ ក្រុមគ្រូពេទ្យទាំងអស់បានធ្វើការពិនិត្យនិងតាមដានបន្តនូវការវិវត្តថ្មីដោយបាញ់អាល់កុល វាស់កម្តៅ និងទុកអោយនៅដាច់ពីគ្នាមួយរយៈ។ហើយប្រសិនជាក្រុមគ្រូពេទ្យពិនិត្យមិនមានអ្វីសង្ស័យទេនោះ ក្រុមគ្រូពេទ្យនិងបញ្ជូនពួកគាត់បន្តទៅរដ្ឋបាលស្រុកនិមួយៗ ដែលពួកគាត់រស់នៅ ដើម្បីដឹកបញ្ជូនទៅតាមខ្នងផ្ទះរបស់ពួកគាត់ រៀងៗខ្លួនផងដែរ៕