កំពង់ស្ពឺ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង បានអំពាវនាវយ៉ាងទទូចដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ កុំធ្វើទង្វើដែលនាំឲ្យអន្តរាយដល់ សង្គម ប្រទេស គ្រួសារ និងខ្លួនឯង។
នេះបើយោងតាមសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថាថ្ងៃនេះរដ្ឋបាលស្រុកបរសេដ្ឋបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៦នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារ ឃើញនឹង រាយការណ៍។ពេលនេះកម្លាំងរបស់យើងបានធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក។ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ។
ទន្ទឹមនេះដែរឯកឧត្តម សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានដាក់ចេញនូវវិធានការដើម្បីបង្ការ និងទប់ស្កាត់នៃការឆ្លងរីករាលដាលនូវជំងឺខូវីដ-១៩ គឺ៣ ការពារ និង៣កុំ៕