(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ។
ដោយបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ។
លិខិតនោះបានបញ្ជាក់ថា៖ «បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ។
ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបាន»។
សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។
យោងសេចក្ដីសម្រេចនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការចេញចូលធ្វើដំណើរឆ្លងកាត់ រាជធានី-ខេត្ត ដូចធម្មតាឡើងវិញហើយ ។
ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ឡើយ៕