ខេត្តកំពង់ឆ្នាំង។÷អុញនោះវីវរហើយ លោក វន សុផា អភិបាលស្រុ កសាមគ្គីមានជ័យ បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា:បានយកកាំភ្លើងអាកាបត់មកបាញ់សាកស្ដាកាណុងបណ្តាលឲ្យត្រូវសត្វគោ១ក្បាលរបស់ប្រជាពលរដ្ឋងាប់ នៅក្នុងបរិវេណសាលាស្រុក ដោយសងសំណងទៅម្ចាស់គោចំនួន៤លានរៀល ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២១។
ប្រជាពលរដ្ឋដែលនៅជុំវិញសាលាស្រុកសាមគ្គីមានជ័យ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះឲ្យ ដឹងថា នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ពួកគាត់បានឮសំឡេងផ្ទុះអាវុធចំនួន ២គ្រាប់ បន្ទាប់មកឃើញមានសត្វគោ មួយហ្វូងរត់ចេញពីបរិវេណសាលាស្រុក ដែលគេលែងចោលពុំមានម្ចាស់តាមឃ្វាល។ហើយក៏មានសត្វគោឈ្មោល មួយក្បាលដេកងាប់នៅក្នុងសាលាស្រុកដោយមានស្នាមរបួសត្រង់ក្បាលផងដែរ។
ដោយឡែកប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធដែលជាម្ចាស់គោ ប្តីឈ្មោះ ខែក គឿន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ឡឹក ស្រី មានទីលំនៅក្នុងភូមិមានកលិច ឃុំមានក ស្រុកសាមគ្គីមានជ័យ ទាំង២នាក់ប្តីប្រពន្ធបានរៀបរាប់បញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ឲ្យដឹងថា គាត់មានគោ១៣ក្បាលបានលែងឲ្យដើរស៊ីនៅក្រៅភូមិឯណោះទេ តែទម្លាប់នៅពេលដែលមានមេឃរកភ្លៀង គោរបស់គាត់តែងតែរត់មកផ្ទះវិញ តែដោយសារផ្ទះគាត់នៅជិតសាលា ស្រុកខាងលើនេះ ទើបគោគាត់បានចូលទៅស៉ីស្មៅនៅ ក្នុងបរិវេណសាលាស្រុកដូចសព្វដង។
ពួកគាត់បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១គោរបស់គាត់បានត្រឡប់មកផ្ទះវិញតាំងពីថ្ងៃ ហើយវាក៏បានចូលទៅស៉ីស្មៅក្នុងបរិវេណសាលាស្រុកដូចដែលធ្លាប់ចូលទៅស៉ីដូចរាល់ដង។លុះនៅវេលាម៉ោងប្រមាណជា៤រសៀល ថ្ងៃខែដដែលមានប្រជាពលរដ្ឋនៅ ក្នុងភូមិបានមកប្រាប់គាត់ថា គោរបស់គាត់១ក្បាលត្រូវបានគេបាញ់ងាប់នៅក្នុងសាលាស្រុក បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមគាត់ក៏បានទៅសាលាស្រុកនឹងបានឃើញ គោរបស់គាត់មួយក្បាលងាប់ពិតប្រាកដមែនដោយមានស្នាមរបួសត្រង់ក្បាលធ្លាយមកក្រោយទៀតផង។នៅល្ងាចនោះផងដែរ គាត់ដែលជាម្ចាស់គោត្រូវបានសមត្ថកិច្ចហៅទៅចរចាដោះស្រាយនៅនិងសាលាស្រុកសាមគ្គីមានជ័យ ដោយសងសំណងមកឱ្យគាត់ដែលជាម្ចាស់គោចំនួន៤ លានរៀល ចំណែកគោបានប្រគល់ឱ្យសមត្ថកិច្ច។
ជុំវិញករណីខាងលើនេះលោកឧត្តមសេនីយត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២១ នេះឲ្យដឹងថា ករណីដែលមានសត្វគោមួយក្បាលងាប់នៅ ក្នុងបរិវេណសាលាស្រុកសាម្គ្គីមានជ័យ កាលពីល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ឆ្លងតាមការស៊ើប អង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនព្រហ្មទណ្ឌបានរកឃើញថា ករណីដែលបណ្ដា លអោយគោមួយក្បាលងាប់ក្នុងបរិវេណសាលាស្រុកខាង លើនេះ គឺបណ្ដាលមកពីលោក វន ស៊ីផា អភិបាលស្រុកសាម្គីមានជ័យ បានយកកាំភ្លើងអាកាបត់មកបាញ់សាកស្ដាកាណុងភ្ជុចដី បណ្ដាលឱ្យគ្រាប់កំភ្លើងផ្លាតត្រូវចំក្បា លគោងាប់តែម្តង។
លោកឧត្តមសេនីយ៍បានបន្តឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាល នៃស្នង ការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ ឆ្នាំង បានដកហូតអាវុធអាកាបត់មួយដើម និងគ្រាប់១ ទស្សៀ ពីលោក វន សុផា អភិបាលស្រុកសាមគ្គីមានជ័យផងដែរ៕