កំពង់ស្ពឺ÷ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែដាស់តឿនឲ្យសាខា និងអនុសាខាទាំងអស់ នាំយកនូវអំណោយមនុស្សធម៌ និងសង់ផ្ទះ ទំហំ 4 ម៉ែត្រគុណនឹង 6ម៉ែត្រ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី ជូនដល់បងប្អូនប្រជាពលរដ្ឋទីទាល់ ដោយមិនប្រកាន់ជាតិ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ឲ្យតែបងប្អូនប្រជាពលរដ្ឋណាជួបការលំបាក ឬទុរគតជន និងជនងាយរងគ្រោះនៅគ្រប់ទីកន្លែង។
សម្ដេចតែងតែដាស់តឿនជាប្រចាំ ឲ្យសាខា និងអនុសាខា ផ្ដល់ជូនជាប្រចាំនូវគ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់ផ្សេងៗ។ជាក់ស្តែងនាពេលនេះជាឧទាហរណ៍ស្រាប់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា មានប្រសាសន៍បែបនេះ ខណៈដែលឯកឧត្តម បាននាំយកនូវអំណោយមនុស្សធម៌ និងប្រគល់ផ្ទះចំនួន 3 ខ្នង ជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លនាថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2021 នៅឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានបន្តទៀតថា÷ សូមឲ្យបងប្អូនទាំងអស់រស់នៅ ត្រូវមានអនាម័យហូបស្អាត ផឹកស្អាត រស់នៅស្អាត និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា បីកុំ បីការពារ ទើបយើងទាំងអស់គ្នាជៀសផុតពីជម្ងឺកូវីដ-19 និងជំងឺ Delta ផងដែរ។