ក្រោយពីផ្ទុះវីដេអូមួយដែលខាងមន្ត្រីកសិកម្ម បានហាមឃាត់មិនឱ្យប្រជាពលរដ្ឋសម្លាប់ពពែធ្វើជាអាហារនៅតាមបណ្ដាញសង្គមនោះ សម្តេចតេជោហ៊ុនសែនបានប្រតិកម្មយ៉ាងខ្លាំងនឹងបញ្ជាឲ្យក្រសួងកសិកម្មនិងអភិបាលខេត្តមួយស្រាវជ្រាវនិងបំភ្លឺរឿងនេះផង។
នេះបើយោងតាមផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ សម្ដេច បានលើកឡើងថា: តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែ យកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វ គ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទាន ហើយតម្រូវ
ឲ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។
ខ្ញុំមិនដឹងថា រូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺឱ្យខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។
ខ្ញុំហួសចិត្ត និងអាណិតប្រជាជនជាទីគោរពស្រឡាញ់របស់ខ្ញុំ៕