បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះមានករណីអគ្គិភ័យបានកំពុងឆាបឆេះតូបលក់គ្រឿងអគ្គិសនីអេឡិចត្រូនិចមួយកន្លែងយ៉ាងសន្ធោសន្ធៅ នឹងរាលដាលលើផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែតក្នុងភូមិអូរជ្រៅសង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជាមួយគ្នានេះ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះនិងរថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿងក៏បាននឹងកំពុងពន្លត់និងបញ្ជូនបន្ថែមពីខេត្តនិងស្រុក ក្រុងនានាដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ ។
ប្រភពអ្នកឃើញហេតុការណ៍និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិយាយថា ៖ ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះតៀមរបស់ឈ្មោះ លី តៀងសេង លក់គ្រឿងអគ្គិសនី អេឡិចត្រូនិក ហើយបានរាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀត ដែលជាប្លុកលំនៅឋាននិងហាងអាជីវកម្មដ៏មមាញឹកមួយដែរនៅក្នុងក្រុងប៉ោយប៉ែត នេះ ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ គេឃើញឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាបខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ក៏បានទៅដល់និងដឹកនាំប្រតិបត្តិការនេះផងដែរ៕